ឧត្តមសេនីយ៍ទោ សាត គឹមសាន ដាក់ចេញផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាមក្នុងខេត្តបាត់ដំបង
ភ្នំពេញ៖ ដោយអនុវត្តតាមសេចក្តីណែនាំលេខ០០២ សណន ចុះថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោសាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដាក់ចេញនូវផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាម។
នៅក្នុងផែនការចំនួន ០៥ទំព័រនេះ លោកឧត្តមសេនី យ៍ស្នងការបានផ្តោតសំខាន់ លើបញ្ហារក្សាឱ្យបាន នូវសន្តិ សុខសណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ ភ្ញៀវ អន្តរជា តិ ដែលបាន អញ្ជើញមកស្នាក់នៅ កំសាន្តសប្បាយ ឬបានធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្រ្តខេត្តបាត់ ដំ បង ។
សមត្ថកិច្ចនគរបាលទាំងនៅថ្នាក់ខេត្ត និងទាំងនៅថ្នាក់មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងវរៈព្រំដែនផង ត្រូវត្រៀមលក្ខណៈ មធ្យោបាយ សម្ភារៈគ្រឿងបំពាក់នានាបម្រេីឱ្យកិច្ចប្រតិបត្តិការរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព ចាប់ពីពេលនេះតទៅ ទាំងកម្លាំងនៅតាមគោលដៅសំខាន់ៗនិងកម្លាំងអន្តរាគមន៍ ដើម្បីដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋាន។
ដើម្បីទទួលបាននូវលទ្ធផលនិងប្រសិទ្ធិភាពចំពោះសុខសុវត្ថិ ភាពក្នុងឱកាសនៃពិធីបុណ្យនេះ លោកឧត្តមសេនីយ៍ទោ ស្នងការបានរំលេចនូវចំណុចមួយចំនួនដើម្បីសាធារណជន ចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលនោះគឺ៖
-សូមមហាជនទូទៅដែលប្រើប្រាស់ផ្លូវចូលរួមគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងពេលធ្វើដំណើរទាំង ការឆ្លងកាត់ឬស្នាក់នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
-សូមកុំបើកបរក្នុងពេលដែលស្ថិតក្នុងស្ថានភាពស្រវឹងនៅលើដងផ្លូវព្រោះអាចបង្កនូវគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួន និងអ្នកដទៃ ដែលកំពុងធ្វើដំណើរលើដងផ្លូវជាមួយអ្នក ។
-សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតនូវបញ្ហាគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុណាមួយ ដោយ សារភ្លើងធូប ភ្លើងទៀន ភ្លើងជើងក្រាន ឬចរន្តអគ្គិសនី នៅមុនពេលចាកចេញពីលំនៅដ្ឋាន សូម ពិនិត្យឱ្យបានហ្មត់ចត់បំផុត ក្នុងនោះករណីបង្កសម្លេងផ្ទុះដោយការដុតផាវ កាំជ្រួច និងសម្លេងផ្ទុះ ឬសម្លេងរំខាននានា ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
-សូមចូលរួមរក្សាឱ្យបានល្អនូវ អនាម័យ បរិស្ថានល្អ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ជាពិសេសនៅតាមទីរម្មនីយដ្ឋាននានា និងក្នុងមូលដ្ឋាន ក្រុងបាត់ដំបង ដើម្បីរួមចំណែកបង្ហាញនូវសោភ័ណ្ឌស្រស់ស្អាត សម្រាប់ទីក្រុងស្អាត និងទីក្រុងឆ្លាតវៃ។
-សូមចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលនៅគ្រប់គោលដៅដែលកំពុងបំពេញភារកិច្ចរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងករណីមានបញ្ហាណាមួយ ទាក់ទងនឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមនោះឬ អាចទាក់ទងតាមមធ្យោបាយទំនាក់ទំនងផ្សេងៗទៀត ជាពិសេស ប្រព័ន្ធទូរស័ព្ទព័ត៌មានទាន់ ហេតុការ ២៤ម៉ោង លើ ២៤ម៉ោង លេខ 117 ដែលមានមន្រ្តីនគរបាលនៅប្រចាំបញ្ជាជាប់ជាប្រចាំ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានសង្ឃឹមយ៉ាងមុតមាំចំពោះការចូលរួមរបស់សាធារណជននៅក្នុងមូលដ្ឋាននិងភ្ញៀវជាតិភ្ញៀវអន្តរជាតិដែលធ្វើដំណើរកំសាន្តសប្បាយនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង៕