អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់ប្រធានមន្ទីរអង្គភាព ត្រូវខិតខំអនុវត្តភារកិច្ចឲ្យបានរួចរាល់ មុនថ្ងៃរៀបចំពិធីបុណ្យទន្លេ
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់ប្រធានមន្ទីរអង្គភាព ត្រូវខិតខំអនុវត្តភារកិច្ចឲ្យបានរួចរាល់ មុនថ្ងៃរៀបចំពិធីបុណ្យទន្លេមកដល់។
នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពការងារដែលបានប្រគល់ជូនមន្ទីរអង្គភាព ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧ ក្នុងខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ងួន រតនៈ បានលើកឡើងថា ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងក្រុងស្ទឹងសែន និងធានាបានភាពសប្បាយរីករាយ ទាមទារឲ្យមានការចូលរួមពីមន្ទីរអង្គភាព ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់នឹងផ្លូវសំខាន់ៗ ដែលត្រូវរៀបចំពិធីបុណ្យទន្លេក្នុងក្រុងស្ទឹងសែន ត្រូវចូលរួមធ្វើការសម្អាតអនាម័យ បរិស្ថាន និងការតុបតែងភ្លើង តាមស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងផ្ទះបងប្អូនប្រជាពលរដ្ឋ ឱ្យបានស្អាត និងភាពស្រស់បំព្រង ដើម្បីបង្ហាញភាពទាក់ទាញ ដល់អ្នកចូលរួមផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តកំពង់ធំក៏បាន ក្រើនរំលឹកដល់ប្រធានមន្ទីរអង្គភាពទាំងអស់ ត្រូវខិតខំអនុវត្តភារកិច្ចដែលបានប្រគល់ជូនឲ្យបានរួចរាល់ មុនថ្ងៃរៀបចំពិធីរៀបចំពិធីបុណ្យទន្លេប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕