សកម្មភាពចុះជួសជុលថែទាំ គូសគំនូស ដាំបង្គោលសញ្ញាចរាចរណ៍ និងស្តារប្រព័ន្ធលូ តាមផ្លូវជាតិ ដោយយកចិត្តទុកដាក់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនឆ្លងកាត់
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រុមការងារ និងមន្ត្រីបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ,កំពង់ចាម ,ត្បូងឃ្មុំ ,បាត់ដំបង ,បន្ទាយមានជ័យ ,រតនគិរី ,ស្ទឹងត្រែង ,កំពង់ឆ្នាំង ,ក្រចេះ និងខេត្តកំពង់ស្ពឺ បានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ បន្តចុះគូសគំនូស ដាំបង្គោលសញ្ញាចរាចរណ៍ ព្រមទាំងស្តារប្រព័ន្ធលូ និងជួសជុលថែទាំលើផ្លូវជាតិ មួយចំនួនរួមមាន៖ ផ្លូវលេខ៣៣A ,លេខ៧ ,លេខ៨ ,លេខ១១ ,លេខ៧៣ ,លេខ៥ ,លេខ៥៧ ,លេខ៥៩ ,លេខ៧៦ ,លេខ៧៨ ដែលរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ត្រូវជួសជុលដើម្បីបានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋ ឪ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយ ចំណេញពេលវេលា ក្នុងការដឹកជញ្ជូន។
ទន្ទឹមនឹងផ្លូវថ្នល់ស្អាតល្អ សូមបងប្អូនប្រជាពលរដ្ឋ បើកបរយានយន្តដោយមានភាពទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍។ ជាមួយគ្នានោះ សូមកុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដើម្បីរក្សាផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។
ប្រសិនមានបញ្ហាផ្លូវថ្នល់ខូចខាតក្លាយជាជង្ហុកសំបុកមាន់ សូមបងប្អូនប្រជាពលរដ្ឋទាញយកកម្មវិធីថែទាំផ្លូវ (Road Care) និងរាយការណ៍មកក្រសួងដើម្បីអាចចាត់ក្រុមការងារចុះជួសជុល ថែទាំបានទាន់ពេលវេលា ៕