ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍គន្លឹះ ជូនសមាជិក-សមាជិកា «ស.ស.យ.ក» ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
ភ្នំពេញ៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា «ស.ស.យ.ក» ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលប្រមាណជាង៣០០នាក់ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានទទួលកិត្តិយសចូលរួម ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា «ស.ស.យ.ក» ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
លោកសាស្ត្រាចារ្យជំនួយ អៀង រ័ត្នមុនី បានអាននូវរបាយការណ៍ និងការប្តេជ្ញាចិត្តរបស់ក្រុមការងារ យុវជន «ស.ស.យ.ក» ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ បានថែ្លងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមក្នុងពិធីនេះ។
សាកលវិទ្យាធិការ បានជម្រាបជូនអង្គពិធីពីប្រវត្តិ និង ដំណើរការនៃការចូលរួមសកម្មភាពសហភាពសហព័ន្ធយុវជនកម្ពុជា នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលសកម្មភាពទាំងនោះ បានចូលរួមចំណែកជួយដល់និស្សិត ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ ក្នុងការពង្រឹងសមត្ថភាពទាំងជំនាញរឹង និងជំនាញទន់បន្ថែមពាក់ព័ន្ធនឹងការងារទំនាក់ទំនង ការដោះស្រាយបញ្ហា ការដឹកនាំ ការចូលរួមការងារសហគមន៍ ការរៀបចំសិក្ខាសាលា និងការចូលរួមរៀបចំព្រឹត្តការណ៍នានា។
ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការស្វាគមន៍ និងសូមអរគុណចំពោះប្អូនៗនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានស្ម័គ្រចិត្តចូលរួមជាមួយនឹងក្រុមគ្រួសារស.ស.យ.ក.។ ឯកឧត្តមប្រធាន បានលើកឡើងពីប្រវត្តិនៃសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអត្ថន័យខ្លឹមសារនៃនិមិត្តសញ្ញា របស់ «ស.ស.យ.ក» ។
បន្ថែមពីនោះ ឯកឧត្តមប្រធាន បានចែករំលែកនូវមេរៀនជីវិតពិតរបស់លោកផ្ទាល់ រួមទាំងការផ្តល់នូវអនុសាសន៏ជាគន្លឹះសំខាន់ៗនានា ដើម្បីជាមគ្គុទេសន៍ និងជាត្រីវិស័យសម្រាប់ប្អូនៗជាសមាជិក សមាជិកា របស់ «ស.ស.យ.ក» ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានពន្យល់ជូនអំពីយុទ្ធសាស្ត្រ 3Cs ដែលតំណាងឲ្យ C1: ប្រជាជនខ្មែរតែមួយ (Cambodianess) ,C2: ប្រជាជនប្រកបដោយសមត្ថភាព (Competency) ,C3: ប្រជាជនពោរពេញដោយធម៌ (Compassion)។
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់កិត្តិយសថតរូបអនុស្សាវរីយ៍ និងចុះហត្ថលេខាលើសៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ជូននិស្សិតចូលរួម។
សូមជម្រាបផងដែរថា គិតមកដល់ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យ បានបញ្ចូលសមាជិក-សមាជិកា «ស.ស.យ.ក» ជាមន្រ្តី បុគ្គលិក ចំនួន ៨១ នាក់ និងសមាជិក-សមាជិកា «ស.ស.យ.ក» ជានិស្សិត ចំនួន ៣,១៥២ នាក់ ស្មើនឹង៥០.៧៧ % នៃនិស្សិតសរុប នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ៕