ប្រទេសចិនដែលបើកទូលាយនឹងផ្តល់កាលានុវត្តភាពកាន់តែច្រើនដល់ពិភពលោក
“កិច្ចសហប្រតិបត្តិការនិងបើកទូលាយ” គឺជាពាក្យគន្លឹះមួយនៃទំនាក់ទំនងការទូតរបស់ប្រទេសចិនក្នុងយុគសម័យថ្មី ។ ប្រឈមមុខនឹងហានិភ័យនៃសេដ្ឋកិច្ចពិភពលោក និងការគាំពារនិយមដែលផ្ទុយពីនិន្នាការ ជំហានដែលប្រទេសចិនធ្វើឱ្យការបើកទូលាយនិងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅគឺមិនដែលបញ្ឈប់ទេ ។ លោក Xi Jinping បានប្រកាសជាច្រើនដងទៅកាន់ពិភពលោកនូវការផ្តួចផ្តើមអំពីការបើកទូលាយរបស់ប្រទេសចិន ហើយប្រទេសចិនដែលបើកទូលាយនឹងផ្តល់កាលានុវត្តភាពកាន់តែច្រើនដល់ការអភិវឌ្ឍរបស់ពិភពលោក ។
ទិន្នន័យចុងក្រោយបំផុតស្តីពីពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងឆ្នាំ ២០២២ ដែលទើបតែចេញផ្សាយបង្ហាញឱ្យដឹងថា ទំហំនាំចេញនាំចូលទំនិញសរុបរបស់ប្រទេសចិនបានលើសពី ៤០ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងដោយរក្សាបាននូវឋានៈជាប្រទេសពាណិជ្ជធំបំផុតនៅលើពិភពលោកក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា ។ នៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន វាបានក្លាយជាគំរូបភាពយ៉ាងរស់រវើដែលប្រទេសចិនប្រកាន់ខ្ជាប់នូវការបើកទូលាយកម្រិតខ្ពស់ ។
ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងបណ្តាប្រទេស”ខ្សែក្រវាត់និងផ្លូវ”បានកើនឡើង ១៩.៤% ។ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំ APEC លោក Xi Jinping បានប្រកាសថា នៅឆ្នាំ ២០២៣ ប្រទេសចិននឹងពិចារណាធ្វើជាម្ចាស់ផ្ទះនៃវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់និងផ្លូវ” លើកទី ៣ ដើម្បីបញ្ចូលកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍនិងវិបុលភាពនៃអាស៊ីប៉ាស៊ីហ្វិកនិងទូទាំងពិភពលោក ។
នៅឯពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ដែលជាពិពណ៍អន្តរជាតិដ៏សំខាន់ដំបូងដែលប្រទេសចិនបានប្រារព្ធឡើងបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ លោក Xi Jinping បានបញ្ជូនសញ្ញាយ៉ាងច្បាស់លាស់អំពីការពង្រីកការបើកទូលាយរបស់ប្រទេសចិន ។
《របាយការណ៍ស្តីពីការបើកទូលាយរបស់ពិភពលោកឆ្នាំ ២០២២》បានចង្អុលបង្ហាញថាប្រទេសចិនប្រកាន់ខ្ជាប់នូវការបើកទូលាយកម្រិតខ្ពស់ ហើយបានក្លាយជាប្រភពចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក ។
ប្រទេសចិនដែលបានអភិវឌ្ឍពីកំណែទម្រង់និងការបើកទូលាយ មិនដែលភ្លេចពីការប្រើប្រាស់សមិទ្ធផលអភិវឌ្ឍន៍របស់ខ្លួនដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ពិភពលោកនោះទេ ។ នៅខែកញ្ញាឆ្នាំ ២០២១ លោក Xi Jinping បានលើកឡើង “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” នៅក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិ ។ នៅខែមិថុនា ឆ្នាំ ២០២២ លោក Xi Jinping បានប្រកាសពីវិធានការរបស់ប្រទេសចិនក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល លោកបានមានប្រសាសន៍ថា មានតែ“កិច្ចសហប្រតិបត្តិការទើបអាចសម្រេចបាននូវរឿងធំ ធ្វើការធំបានល្អនិងធ្វើការធំបានយូរ ។ ប្រទេសអភិវឌ្ឍន៍ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ ដើម្បីរួមគ្នាកសាងទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍សកលប្រកបដោយសាមគ្គីភាព សមភាពនិងផ្តល់ផលប្រយោជន៍ទូទៅ ។
សមាជបក្សកុម្មុយនីស្តចិនលើកទី ២០នៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងថា ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវការបើកទូលាយដែលជាគោលនយោបាយជាតិជាមូលដ្ឋាន ។ ដូចដែលលោក Xi Jinping បានមានប្រសាសន៍ថា “ប្រទេសចិនដែលបន្តឆ្ពោះទៅរកការធ្វើទំនើបភាវូបនីយកម្ម ប្រាកដជានឹងផ្តល់កាលានុវត្តភាពកាន់តែច្រើនដល់ពិភពលោក ព្រមទាំងរួមចំណែកកាន់តែច្រើនដល់ការរីកចម្រើនរបស់មនុស្សជាតិទាំងមូលជាមិនខាន !”