ស្រូវពលរដ្ឋក្នុងសង្កាត់បារាយណ៍ជាង ១៦០០ហិកតា ត្រូវបានជួយសង្រ្គោះ ខណៈខូចខាតទាំងស្រុងជាង ៧០០ហិកតា
ខេត្តតាកែវ៖ បន្ទាប់ពីស្រូវប្រាំងរបស់ប្រមាណជាង ២០០០ហិកតា លិចដោយសារជំនន់ទឹកភ្លៀងរយះពេលប៉ុន្មានថ្ងៃកន្លងមក បើតាមការបញ្ជាក់ពី លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំមន្ត្រីរដ្ឋបាលក្រុងចុះពិនិត្យពីផលប៉ះពាល់ ស្រូវរដូវប្រាំង របស់ប្រជាកសិករ ក្នុងសង្កាត់របាយការណ៍ បានឱ្យដឹងថា ស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ ប្រមាណជាង ១៦០០ហិកតា ត្រូវបានជួយសង្រ្គោះ និងជាង ៧០០ហិកតា ត្រូវបានខូចខាតទាំងស្រុង។
លោកអភិបាលក្រុង រួមនិងក្រុមការងារបានបញ្ជាក់ថា៖ (បរិមាណទឹកបានស្រកចុះជាបណ្តើរៗ ហើយផលស្រូវរដូវប្រាំងរបស់ប្រជាកសិករត្រូវបានជួយសង្គ្រោះបានមួយចំនួនធំ តែមួយចំនួនទៀតត្រូវបានរងការខូចខាតទាំងស្រុង)។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក កង អាណាន់អភិបាលក្រុងដូនកែវ បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលក្រុង តំណាងឱ្យប្រជាកសិករក្នុងក្រុងដូនកែវ លោកសូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដែលបានចាត់ប្រតិភូក្រសួងកសិកម្ម និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ចុះសិក្សាពីផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកន្លងមក៕