មជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើពិធីជួបសំណេះសំណាលជូនពរឆ្នាំថ្មីប្រពៃណីចិន លោក Xi Jinping បានអញ្ជើញថ្លែងសុន្ទរកថា
ព្រឹកថ្ងៃទី ២០ ខែមករានៅទីក្រុងប៉េកាំង មជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើពិធីជួបសំណេះសំណាលជូនពរឆ្នាំថ្មីប្រពៃណីចិននៅវិមានសភាប្រជាជនចិន ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថា ដោយតាំងនាមមជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋ ជូនពរឆ្នាំថ្មីប្រពៃណីចិនជូនចំពោះប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ចំពោះបងប្អូនជនរួមជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងបងប្អូនជនរួមជាតិតៃវ៉ាន់ និងជនចិននៅក្រៅប្រទេស។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ឆ្នាំខាលដែលជិតកន្លងផុតទៅ ប្រឈមមុខទាំងបរិយាកាសអន្តរជាតិដែលរងទាំងព្យុះនិងភ្លៀង និងភារកិច្ចធ្វើកំណែទម្រង់ក្នុងប្រទេសដែលស្មុគស្មាញផងមមាញឹកផង ។ បក្សទាំងមូល កងទ័ពទាំងមូល ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិនបានសាមគ្គីគ្នា តស៊ូប្រឹងប្រែងជាមួយគ្នា បានចារទំព័រថ្មីនៃការកសាងទំនើបកម្មបែបផែនសង្គមនិយម។ ឆ្នាំ២០២៣ជាឆ្នាំចាប់ផ្តើមអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ដោយគ្រប់ជ្រុងជ្រោយ ប្រកបដោយក្តីសង្ឃឹមនិងបញ្ហាលំបាកជាមួយគ្នា ។ យើងត្រូវបន្តខិតខំដើម្បីឱ្យសេដ្ឋកិច្ចជាតិដំណើរការកាន់តែល្អ និងជំរុញគុណភាពជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។
លោកបានបន្តទៀតថា ក្នុងវប្បធម៌ប្រពៃណីចិន សត្វទន្សាយតំណាងឱ្យប្រាជ្ញា ឆ្លាតវៃ បរិសុទ្ធ ចិត្តល្អ ស្ងៀមស្អាតនិងល្អបវរ។ ឆ្នាំថោះជិតមកដល់ហើយនឹងនាំមកនូវសំណាងល្អសិរីមង្គល ជឿថាប្រទេសជាតិនឹងកាន់តែសុខសាន្ត សម្បូរភាពរស់រវើក និងបន្តរីកចម្រើន៕