ឯកឧត្តម ខូយ រីដា៖ លក្ខណៈសម្បត្តិខាងក្រៅ របស់អភិបាលរងក្រុងពោធិ៍សាត់ ៣រូប គឺគ្រប់គ្រាន់ តែខាងក្នុងយើងមិនទាន់ដឹងទេ ដូច្នេះបើខ្វះចន្លោះ យើងត្រូវជួយបំពេញបន្ថែម
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ទាំង៣រូប បើមើលពីលក្ខណៈសម្បត្តិខាងក្រៅឃើញថាគឺគ្រប់គ្រាន់ តែចំពោះខាងក្នុងយើងមិនទាន់ដឹងនៅឡើយ ហេតុនេះសូមក្រុមប្រឹក្សាក្រុង និងអភិបាលនៃគណៈអភិបាលក្រុង រួមទាំងក្រុមប្រឹក្សាសង្កាត់ ត្រូវត្រួតពិនិត្យ វាយតម្លៃ និងដាក់ពិន្ទុនាពេលខាងមុខ ថាតើបានបំពេញតួនាទីភារកិច្ចកម្រិតបានណា នៅខ្វះចន្លោះត្រង់ណា យើងទាំងអស់គ្នាត្រូវជួយបំពេញបន្ថែម។
ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសឱ្យចូលកាន់មុខតំណែងជាផ្លូវការ អភិបាលរងក្រុងពោធិ៍សាត់ ចំនួន០៣រូប នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។
បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាសស្តីពីការតែងតាំង លោក ធាម សុផាត, លោក គឹម តារា និងលោក កេង ចាន់ធឿន ជាអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ នោះរួចមក លោក ធាម សុផាត ដែលទើបទទួលបានមុខតំណែងថ្មី បានប្តេជ្ញាចិត្តដូចតទៅ៖
ទី១-គោរពអនុវត្តភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីសម្រេចនូវគោលបំណង បង្កើតជំរុញ និងធ្វើឱ្យមានចីរភាព ដល់ការអភិវឌ្ឍ តាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។
ទី២-ចូលរួមយ៉ាងសកម្ម និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទី៣-គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត តាមឋានានុក្រម និងការបែងចែកតួនាទីភារកិច្ច របស់គណៈអភិបាលក្រុងពោធិ៍សាត់ ជាពិសេសជាជំនួយការដ៏ល្អរបស់ លោកអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់។
ទី៤-ចូលរួមថែរក្សា ការពារ និងពង្រឹងពង្រីកស្មារតីសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ ទំនាក់ទំនងល្អ សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៅគ្រប់មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ និងសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ ដើម្បីផ្សារភ្ជាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទី៥-ខិតខំស្វ័យសិក្សារៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង សមត្ថភាព គុណធម៌ និងប្តេជ្ញាប្រើប្រាស់ ចំណេះដឹង ជំនាញ និងបទពិសោធន៍ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ក្នុងការបំពេញតួនាទីភារកិច្ច ឱ្យសម្រេចបានជោគជ័យនូវសមិទ្ធផលថ្មីៗជូនអង្គភាព ក៏ដូចជាការចូលរួមអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវា ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
ឯកឧត្តម ខូយ រីដា បានថ្លែងថា អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ ដែលបានប្រកាសចូលកាន់មុខតំណែងនាពេលនេះ ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ ការងារទើប ក្រសួងមហាផ្ទៃបានសម្រេចប្រកាសតែងតាំង ដើម្បីសម្រួលដល់ការផ្ដល់សេវានៅមូលដ្ឋាន ឱ្យកាន់តែលឿនមានភាពជឿជាក់ និងមានតម្លាភាព។ ក្រោយពីទទួលបានតួនាទីភារកិច្ចនេះ គប្បីត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល និងត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ព្រមទាំងបានស្នើឱ្យលោកទាំងអស់ ខិតខំធ្វើការងារ ដោយសហការ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី។
ឯកឧត្តម ក៏បានដាក់ចេញនូវផែនការសកម្មភាពមួយចំនួន សម្រាប់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជម្រុញ និងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ មានកិច្ចសហការល្អជាមួយវិស័យឯកជន សប្បុរសជន អង្គការជាតិ អន្តរជាតិ ក្នុងការគៀងកររកមូលនិធីកសាងមូលដ្ឋាន។ ខិតខំសម្របសម្រួលដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយផ្នែកលើគោលការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។
ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួម និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចូលរួមសម្អាតបរិស្ថាន និងតុបតែងលម្អភ្លើងព័ណ៌ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ ហើយដែលរដ្ឋបាលខេត្តប្តេជ្ញារៀបចំ ឱ្យមានភាពអធិកអធម សម្រាប់ប្រជាពលរដ្ឋសប្បាយរីករាយផងដែរ៕