នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងឯកសាររបស់អនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាសមាជិកអនុគណៈកម្មការ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងឯកសាររបស់អនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងសេចក្តីព្រាងឯកសារនានា ព្រមទាំងរបាយការណ៍បឋមពីគ្រប់អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានក្នុងការពិនិត្យពិភាក្សា និងផ្តល់ធាតុចូលបន្ថែម។
ជាមួយគ្នានោះអង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលសំខាន់ៗនានា ដើម្បីកែសម្រួល និងបំពេញបន្ថែមលើរបាយការណ៍ និងឯកសារពាក់ព័ន្ធនីមួយៗយ៉ាងល្អិតល្អន់ និងបានវាយតម្លៃខ្ពស់ចំពោះសេចក្តីព្រាងនៃឯកសារនានាដែលក្រុមការងារអនុគណៈកម្មការបានរៀបចំតាក់តែងឡើង។
នៅក្នុងនោះ អង្គប្រជុំក៏បានពិនិត្យពិភាក្សាលើរបៀបវារៈទូទៅ ដោយអង្គប្រជុំបានផ្តោតសំខាន់លើភាពចាំបាច់នានា ស្ថានភាព និងទិសដៅផែនការសំខាន់ៗសម្រាប់ដាក់បញ្ចូលឱ្យបានគ្រប់ជ្រុងជ្រោយក្នុងអង្គសន្និបាតពិនិត្យ និងពិភាក្សាលើកទិសដៅអនុវត្តបន្ត និងធ្វើយ៉ាងណាឱ្យដំណើរការនៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕