បុណ្យចូលឆ្នាំចិន ៤ថ្ងៃ ភ្ញៀវចេញដើរកម្សាន្ត ទូទាំងប្រទេស ១លាននាក់
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល៤ថ្ងៃ (២១-២៤ ខែមករា ២០២៣) ភ្ញៀវទេសចរបានចេញដើរកម្សាន្ត្រទូទាំងប្រទេសសរុប ១,០៤៩,២២២នាក់ ក្នុងនោះភ្ញៀវជាតិ ១,០០៧,១៦៦នាក់ និងភ្ញៀវបរទេស ៤២,០៥៦នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖
* ខេត្តព្រះសីហនុ ២៩៦,០២៨នាក់
* ខេត្តសៀមរាប ១០៥,៤៨១នាក់
* ខេត្តបាត់ដំបង ១០២,៧៧៨នាក់
* ខេត្តកំពត ៨២,១៩៩នាក់
* ខេត្តប៉ៃលិន ៨១,៥០០នាក់
* ខេត្តកំពង់ចាម ៦៧,៩១៤នាក់
* ខេត្តកែប ៦៧,០៣០នាក់។
ដោយសារចូលឆ្នាំចិនឆ្នាំនេះប៉ះចំចុងសប្តាហ៍ ដូច្នេះយើងសង្កេតឃើញថាចរន្តភ្ញៀវទេសចរ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់គោលដៅទេសចរណ៍នានាមានសភាពផុសផុលច្រើន ខណៈដែលប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រដើម្បីរៀបចំសែនតាមប្រពៃណីចិន។
ប្រជាជនមួយចំនួនបានត្រឡប់ចូលរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ហើយខ្លះទៀតបានត្រលប់ចូលវិញនាល្ងាចម្សិលម៉ិញ ខណៈដែលអាជីវករនៅតាមផ្សារ និងលក់ដូរនៅតាមផ្ទះបានបិទតូប និងហាងជាបណ្តោះអាសន្នក្នុងរយៈពេលចូលឆ្នាំនេះ ដើម្បីជួបជុំគ្រួសារ និងដើរកម្សាន្ត ស្របពេលអង្គភាព និងស្ថាប័នមួយចំនួនបានអនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាក ដោយដាក់ជាកម្មវិធីប្រជុំបូកសរុបប្រចាំឆ្នាំជាដើម។
គោលដៅទេសចរណ៍ទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរកកកុញ ខណៈប្រជាពលរដ្ឋភាគច្រើនដើរកម្សាន្តជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅ។
ដោយឡែក សម្រាប់ខេត្តព្រះសីហនុភ្ញៀវទេសចរភាគច្រើនទៅព្រឹកមកវិញល្ងាចជាមួយការធ្វើដំណើរតាមផ្លូវល្បឿនលឿន។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមួយចំនួនបានយកតាមខ្លួននូវម្ហូបអាហារដែលបានសែនរួច ទៅបរិភោគដើម្បីកាត់បន្ថយចំណាយមួយចំនួនផងដែរ។
ចំពោះការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរមិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់។ គណៈបញ្ជាការឯកភាពគ្រប់រាជធានី-ខេត្ត មន្ទីរទេសចរណ៍ បានចាត់កម្លាំងប្រចាំការនៅតាមគោលដៅសំខាន់ៗ និងគោលដោទេសចរណ៍នានា៕