ស្នងការភ្នំពេញ បកស្រាយបំភ្លឺទាក់ទងទៅនិងមន្ត្រីចរាចរណ៍ម្នាក់ជិះម៉ូតូតាមឃាត់រថយន្ត កាលពីយប់ថ្ងៃទី១៩ ខែមករា
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបកស្រាយបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ម្នាក់ជិះម៉ូតូតាមឃាត់រថយន្ត កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២:០០ រំលងអាធ្រាត នៅចំណុចស្ដុបចំការមន។
មន្ត្រីរូបនោះត្រូវបានអនុវត្តវិន័យកងកម្លាំង ផ្ទេរចេញពីការិយាល័យចរាចរណ៍ ទៅកងអន្តរាគមន៍ ជាពិសេសត្រូវបានដកសក្តិមួយថ្នាក់ពី អនុសេនីយ៍ទោ មកត្រឹមអនុសេនីយ៍ត្រី។
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០២:០០ រំលងអាធ្រាត លោកអនុសេនីយ៍ទោ ជឹម សាលីន អត្តលេខ ៧៨៦៦៥ មន្រ្តីចំណុះការិយាល័យចរាចរណ៍ផ្លូវគោក បានធ្វើដំណើរចេញពីផ្ទះ ក្នុងគោលបំណងទៅប្រជុំជួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពេលជិះមកដល់ស្ដុបចំការមន ក៏ឃើញរថយន្ត ០១គ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿន ពេលនោះលោកអនុសេនីយ៍ទោ ជឹម សាលីន បានជិះម៉ូតូតាមដល់ស្ដុបក្រសួងមហាផ្ទៃ ក៏ជិះទៅក្បែររថយន្ត ហើយអ្នករួមដំណើរក្នុងរថយន្ត សួរ តើខ្ញុំខុសអី ? ហើយលោកអនុសេនីយ៍ទោ ជឹម សាលីន តបថាបងស្រីអត់ពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាព និងកុំថតអី សម្រួលបានអត់ ក្នុងន័យកុំឲ្យថតប៉ុណ្ណោះ។
ជាក់ស្តែងការចុះអនុវត្តនេះមិនមានគោលការណ៍ ឬបទបញ្ជាពីប្រធានអង្គភាពនោះទេ ហេីយការធ្វេីនេះមិនត្រឹមត្រូវតាមម៉ោងនៃការអនុវត្តច្បាប់ផងដែរ ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចធ្វេីការដាក់វិន័យ បន្ថយឋានន្តរសក្កិមួយថ្នាក់ និងផ្ទេរភារកិច្ចមន្ត្រីចរាចរណ៍រូបនេះឲ្យទៅបម្រើការងារនៅកងអន្តរាគមន៍ ៕