អភិបាលខេត្តព្រៃវែង ទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតឥណ្ឌូណេសុី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងអភិបាលរងខេត្ត នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានទទួលស្វាគមន៍ ឯកឧត្តម SUDIRMAN HASENG ឯកអគ្គរដ្ឋទូតឥណ្ឌូណេសុី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងប្រតិភូអមដំណើរ ចូលជួបសម្តែងការគួរសម នៅសាលាខេត្ត។ បន្ទាប់មក បន្តទស្សនាអគារសារមន្ទីររក្សា ទូក ង វែងជាងគេនៅលើសកលលោក (Longest Boat Guinness World Record) និងជាចុងក្រោយ ចូលរួមពិធីសម្ពោធបើកសាកល្បង អគារអង្គការមជ្ឈមណ្ឌលធនធានវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា ជាកិត្តិយសនៃឯកឧត្តម SUDIRMAN HASENG ឯកអគ្គរដ្ឋទូតឥណ្ឌូណេសុី ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសង្កាត់កំពងលាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ឯកឧត្តមអភិបាលខេត្ត បានជំរាបអំពីស្ថានភាពទូទៅក្នុងខេត្ត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូណេសុី និងលោកជំទាវព្រមទាំងក្រុមការងារដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលជួបពិភាក្សានាពេលនេះ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងប្រជាជនក្នុងខេត្តព្រៃវែងទាំងអស់ សូមសម្តែងការរីករាយជាទីមោទនៈក្នុងការបង្កើតឡើងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាមរយៈការសាងសង់អគារអង្គការមជ្ឈមណ្ឌលធនធានវិស័យទេសចរណ៍ ដើម្បីជាមូលដ្ឋានក្នុងការរឹតចំណងទំនាក់ទំនងមិត្តភាព និងបានផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាពិសេស ក្នុងខេត្ត ឱ្យកាន់តែមានភាពរីកចំរើនថែមទៀត។
ឯកឧត្តមអភិបាលខេត្ត សូមគោរពជូនពរឯកឧត្តម ស សុខា និងលោកជំទាវ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងលោកជំទាវ ជាមួយ គណៈអធិបតី ប្រតិភូអមដំណើរ នៃអង្គពិធីទាំងមូល សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លៀតឡើយ ៕