អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយសិស្សានុសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងក្នុងពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សនិទ្ទេសA ដែលបានប្រឡងជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ ដើម្បីលើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលខាងមុខ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត នាយក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ប្រធាន ស.ស.យ.ក, យុវជន ស.យ.ស.ស នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត។
ឯកឧត្តម ស្វាយ សំអ៊ាង បានអបអរសាទរដល់សិស្សានុសិស្សដែលជាជ័យលាភីប្រឡងជាប់សញ្ញបត្រ មធ្យមសិក្សាទុតិយភូមិទាំង ៣រូបនេះ និងបានថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការជួយជំរុញ និងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សបានក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់សិស្សានុសិស្ស និងជាយុវជនបន្តវេន ត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងយុវជនល្អ និងត្រូវខិតខំហាត់ពត់លត់ដំ ព្យាយាមតស៊ូរៀនសូត្រ ទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ដើម្បីជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។
សូមបញ្ជាក់ថា រង្វាន់ដែលប្រគល់ជូនសិស្សនិទ្ទេស A ចំនួន ៣នាក់ ដោយសិស្សម្នាក់ៗទទួលបាន រួមមាន៖ សិស្សានុសិស្សនិទ្ទេស A ចំនួន ៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤លាន៤សែនរៀល ក្នុងនោះ ថវិការដ្ឋបាលខេត្ត ចំនួន ៦លានរៀល, ថវិកាផ្ទាល់របស់ឯកឧត្តម ស្វាយ សំអ៊ាង និងលោកជំទាវ ចំនួន ៦លានរៀល និងថវិកាស.ស.យ.ក.ខេត្ត ចំនួន ១លាន២សែនរៀល។ លោកគ្រូ អ្នកគូ្រចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលថវិកាចំនួន ២៥មុឺនរៀល ក្នុងនោះ ថវិការដ្ឋបាលខេត្ត ចំនួន ៥លានរៀល, ថវិកាផ្ទាល់របស់ឯកឧត្តម ស្វាយ សំអ៊ាង និងលោកជំទាវ ចំនួន ៥លានរៀល និងថវិកា ស.ស.យ.ក.ខេត្ត ចំនួន ២លាន៥សែនរៀល។ សិស្សានុសិស្សចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤មុឺនរៀល ថវិកាសរុបស្មើនឹង ២៩លាន៧សែនរៀល ៕