សម្តេចតេជោ៖ ជម្លោះសាសនា ជាមហន្តរាយមួយដ៏ធំធេង ដែលមិនអាចឲ្យកើតមានឡើយ នៅកម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ជម្លោះសាសនា គឺជាមហន្តរាយមួយដ៏ធំធេង ដែលមិនអាចឱ្យកើតមានឡើយ នៅក្នុងប្រទេសកម្ពុជា ។
ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្តនៅកម្ពុជា ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣) នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រិស្តបរិស័ទទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នា ថែរក្សាសុខសន្តិភាព និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលកន្លងមកនេះ។
សម្តេចតេជោ បញ្ជាក់ថា ថ្ងៃជ័យជម្នះ៧មករា មិនត្រឹមតែជួយឱ្យជីវិតពលរដ្ឋខ្មែរ បានរស់ឡើងវិញប៉ុណ្ណោះទេ តែក៏បានជួយឱ្យសាសនាទាំងអស់ នៅក្នុងប្រទេសកម្ពុជារស់ឡើងវិញផងដែរ។
សម្តេចតេជោក៏បានថ្លែងនូវការអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រិស្តត្រូវសាមគ្គីគ្នាទាំងផ្ទៃក្នុង និងជាមួយសាសនាដទៃ ដោយឈរលើគោលការណ៍សុខដុមនីយកម្ម ហើយសង្ឃឹមថា ថ្នាក់ដឹកនាំគ្រិស្តនៅកម្ពុជា នឹងជ្រើសតំណាងមួយ ដើម្បីជជែកជាមួយសាសនាដទៃ ក៏ដូចជាអាជ្ញាធរ ដើម្បីចូលរួមថែរក្សាការពារសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យបងប្អូនគ្រិស្តសាសនាទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា ៕