តំណាងឯកឧត្ដម ផាន អូន ដឹកនាំមន្រ្តីដើម្បីចូលរួម គោរពវិញ្ញាណក្ខន្ធសពលោក អឿង សុខេន អនុប្រធានសាខា ក.ប.ប. ខេត្តព្រះវិហារ
ភ្នំពេញ៖ លោក ពេជ ច័ន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អឿង សុខេន អនុប្រធានសាខា ក.ប.ប. ខេត្តព្រះវិហារ ដែលលោកបានទទួលមរណភាព កាលពីយប់ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩:៥៩នាទី។
ការបាត់បង់លោក អឿង សុខេន គឺជាការបាត់បង់កូនប្រុសដ៏កតញ្ញូរបស់មាតា បិតា បាត់បង់ឧត្តមស្វាមីដ៏មានភក្តីភាព បាត់បង់លោកឪពុកដ៏មានព្រហ្មវិហារធម៌ បាត់បង់បងប្រុសជាទីគោរពស្រឡាញ់ បាត់បង់ធនធានមន្រ្តីដែលមានសក្ដានុពលបំផុតសម្រាប់អនាគតរបស់អង្គភាព បាត់បង់មិត្តរួមការងារដ៏សកម្មម្នាក់របស់មន្រ្តីគ្រប់រូបនៃអគ្គនាយកដ្ឋាន ក.ប.ប. និងបាត់បង់មហាមិត្តដ៏គួរជាទីគោរពស្រឡាញ់រាប់អាន។
អគ្គនាយកដ្ឋាន ក.ប.ប. សូមចូលរួមសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំ ជាមួយ លោកស្រី ឡោ សៀកឡេង ត្រូវជាភរិយា និងបុត្រាបុត្រី ព្រមទាំងក្រុមគ្រួសារសាច់ញាតិទាំងអស់ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់លោក អឿង សុខេន សូមយោនយកកំណើតថ្មីក្នុងទីដ្ឋានបរមសុខក្នុងពេលដ៏ឆាប់ខាងមុខកុំបីខានឡើយ ៕