ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាភ្ញៀវពិសេស ក្នុងទិវាគយអន្តរជាតិលើកទី៤១ និងពិភាក្សាការងារទ្វេភាគី ជាមួយប្រធានអាជ្ញាធរគយកូរ៉េ
ភ្នំពេញ៖ តបតាមការគោរពអញ្ជើញរបស់អាជ្ញាធរគយកូរ៉េ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីអាហារការងារក្នុងទិវាគយអន្តរជាតិលើកទី៤១ ដែលរៀបចំដោយអាជ្ញាធរគយកូរ៉េ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យ លោក YOON Taesik អតីតអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានអជ្ញាធរគយនៃប្រទេសកូរ៉េ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារទ្វេភាគីផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ជ្ញាធរគយកូរ៉េ ដែលបានអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រី ចូលរួមក្នុងកម្មវិធីខាងលើ ក្នុងអំទ្បុងពេលដែល ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងវេទិកាធុរកិច្ចនិងវិនិយោគ កម្ពុជា-កូរ៉េ នៅទីក្រុងសេអ៊ូល ដែលប្រព្រឹត្តឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងអាជ្ញាធរគយកម្ពុជា និងអាជ្ញាធរកូរ៉េ ដែលបានជួយសម្រួលដល់សកម្មភាពនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបនឹងចូលជាធរមានកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ដែលនឹងចូលរួមចំណែកសំខាន់ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទំាងពីរផងដែរ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យអាជ្ញាធរគយកូរ៉េ ពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ សំដៅលើកកម្ពស់កិច្ចសហប្រតិបតិ្តការ និងផ្តល់កិច្ចសម្របសម្រួលបន្ថែមទៀត ក្រោយពីការពន្យារពេលមួយរយៈដោយសារវិបត្តិជម្ងឺកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអាជ្ញាធរគយកូរ៉េ បន្តជួយគាំទ្រកម្ពុជាតាមរយៈ កម្មវិធីបណ្តុះបណ្តាល និងកសាងសមត្ថភាពសម្រាប់មន្ត្រីកម្ពុជា ផងដែរ។
ជាការឆ្លើយតប លោក YOON Taesik ប្រធានអាជ្ញាធរគយកូរ៉េ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាពីកម្មវិធីការងារដ៏មមាញឹកចូលរួមក្នុងកម្មវិធីនេះ និងបានអនុញ្ញាតជូនលោកបានចូលជួបពិភាក្សាការងារ។
ជាមួយគ្នានេះ លោកប្រធានអាជ្ញាធរគយកូរ៉េ បានស្វាគមន៍និងគាំទ្រនូវការបង្កើនកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងអាជ្ញាធរគយនៃប្រទេសទាំងពីរ ហើយលោកបានបញ្ជាក់ថានឹងពិនិត្យលទ្ធភាពក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចការគយរវាងប្រទេសទាំងពីរ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។
លើសពីនេះទៀត លោកប្រធានអាជ្ញាធរគយកូរ៉េ ក៏បានគាំទ្រលើសំណើរបស់ ឯកឧត្តមរដ្ឋមន្ត្រី ហើយនឹងបន្តការចែករំលែកចំណេះដឹង បទពិសោធន៍ និងការកសាងសមត្ថភាពជូនមន្ត្រីពាក់ព័ន្ធរបស់កម្ពុជា ផងដែរ៕