បញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តតាកែវ រៀបចំពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាព ឆ្នាំ២០២៣
ខេត្តតាកែវ៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានរៀបចំពិធីបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មការងារ ឆ្នាំ២០២៣ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមដោយ លោកវរសេនីយ៍ឯក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធាន អនុប្រធានមន្ទីរ នាយ នាយរង ជំនួយការ និងសមាជិក មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ គោលដៅ មេបញ្ជាការរងមូលដ្ឋាន នាយ នាយរង ជំនួយការ សមាជិកតាមមូលដ្ឋានក្រុង ស្រុក ស្នាក់ការ គោលដៅនីមួយៗផងដែរ សរុបចំនួន ១៨០នាក់។
ថ្លែងនៅក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការថ្លែងការកោតសរសើរចំពោះ កងកម្លាំងទាំងអស់ ដែលបានខិតខំលះបង់ពេលវេលា យកអស់កម្លាំងកាយ ចិត្ត បំរើជាតិមាតុភូមិ និងដើ់ម្បីសេចក្ដីសុខសាន្តរបស់ពលរដ្ឋ គ្រប់មូលដ្ឋានក្រុងស្រុក ដោយមិនខ្លាចហត់នឿយ។
លោកមេបញ្ជាការ បានបន្ថែមដោយបានធ្វើការលើកទឹកចិត្ត ដល់ សមត្ថកិច្ចកងរាជអាវុធហត្ថត្រូវតែចូលរួមធ្វើសកម្មភាព ឲ្យបានខ្លាំងក្លាក្នុងបង្រ្កាបក្រុមចោរលួច ចោរប្លន់ ក្រុមអ្នកប្រើប្រាស់ ចែកចាយគ្រឿងញៀន បង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលល្បែងនេះនាំឲមានបញ្ហាអសន្តិ សុខក្នុងសង្គម។ សកម្មភាពរបស់កងរាជអាវុធហត្ថ វានិងនាំឲភូមិឃុំរបស់បងប្អូនប្រជាពលរដ្ឋក្លាយជាភូមិឃុំមានសុវត្ថិភាព គ្មានបងតូចបងធំ គ្មានការប្រើប្រាស់គ្រឿងញៀន ជាពិសេសវានិងនាំឲបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គ្មានការព្រួយបារម្ភរឿងសន្តិសុខសុវត្ថិភាពនោះទេ៕