រកឃើញសារធាតុគីមីហាមឃាត់នៅលើ បបែលក្រៀម មួយចំនួន ដាក់លក់តាមស្តង់អាហារក្នុងទីតាំងប្រគំតន្ត្រីនៅទីលានតេជោ
ភ្នំពេញ៖ ដោយទទួលបានការណែនាំពី លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយនឹងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យសុវត្ថិភាព ម្ហូបអាហារដែលដាក់លក់នៅតាមស្តង់អាហារក្នុងទីតាំងប្រគំតន្ត្រីនៅទីលានតេជោ។
ជាលទ្ធផល ក្រុមការងារបានរកឃើញសារធាតុគីមីហាមឃាត់នៅលើ “បបែលក្រៀម” មួយចំនួន និងបានធ្វើការរឹបអូសទាំងស្រុងយកទៅបំផ្លាញចោលភ្លាមៗ ព្រមទាំងធ្វើការស្រាវជ្រាវរកប្រភពផ្គត់ផ្គង់ដើម្បីធ្វើការណែនាំ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការអំពាវនាវដល់អាជីវករទាំងអស់ សូមជៀសវាង និងចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងផ្សំដែលមានសារធាតុគីមីហាមឃាត់ ដែលបង្កហានិភ័យដល់អ្នកទទួលទាន៕