ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងជិត ៣ពាន់លើក បណ្តាលឱ្យស្លាប់ជិត ២ពាន់នាក់ និងរបួសជាង ៤ពាន់នាក់
ភ្នំពេញ៖ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានថ្លែងឲ្យដឹងថា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងចំនួន ២.៩៧៦លើក បណ្តាលឱ្យស្លាប់ចំនួន ១.៧០៩នាក់ និងរបួសចំនួន ៤.០២៦នាក់ (របួសធ្ងន់ ២.៥៧៩នាក់) ។
ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោកស្រី មឹន មាណវី បានមានប្រសាសន៍ថា ប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលលើការពិនិត្យយានយន្តសរុបចំនួន ១.១២១.១៣៦គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៧៤% ហើយរកឃើញយានយន្ដល្មើស និងពិន័យចំនួន ១៤២.៨១៧គ្រឿង (១៤៣.០៥១ ករណី) ។
លោកជំទាវ មឹន មាណវី បន្ថែមថា អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ចំនួន ២៧២នាក់ ខេត្តកណ្តាលចំនួន ១៥៧នាក់ និងខេត្តកំពង់ចាមចំនួន ១៣១នាក់។ មូលហេតុបណ្តាលឱ្យ មានគ្រោះថ្នាក់គឺបើកបរលើសល្បឿនកំណត់៣៩% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១១% វ៉ាជែង១០% បត់៩% ស្រវឹង៤% កត្តាយានយន្ត៣% និងងងុយ១%។
លោកជំទាវ ក៏បានគូសបញ្ជាក់ផងដែរថា បញ្ចូនករណីគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការចំនួន ១០២៧ករណី បានដោះស្រាយចប់ចំនួន ១២១ករណី កំពុងអង្កេតចំនួន ៦៦៤ករណី បញ្ជូនជនល្មើសទៅតុលាការចំនួន ៣១៦នាក់ ៕