រដ្ឋបាលក្រុងកោះរ៉ុង និងក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ សហការស្វែងរកជនរងគ្រោះភ្លាមៗ ក្រោយទទួលបានដំណឹងថា មានប្រជានេសាទចំនួន០២នាក់ ជិះលើទូកនេសាទមួយគ្រឿង បានលិចក្នុងលម្ហសមុទ្រ
ខេត្តព្រះសីហនុ-លោកឧកញ៉ា ទៀ វិចិត្រ អោយភ្នាក់ងារសារព័ត៌មានTV TOWN ដឹងថា មានករណីលិចទូកនេសាទមួយគ្រឿង ដែលបណ្តាលឲ្យបាត់ខ្លួនមនុស្សចំនួន២នាក់ ពេលនេះលោកឧកញ៉ាកំពុងបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង ដើម្បីរុករកជនរងគ្រោះនៅលើផ្ទៃសមុទ្រ ក្នុងនោះក៏មានការចូលរួមសហការជាមួយលោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកោះរ៉ុងផងដែរ ។
បើតាមការបញ្ជាក់របស់ម្ចាស់ទូក ឈ្មោះ ធិន យឿន ភេទប្រុស ថា ទូកនេសាទនេះ ជាប្រភេទទូកម៉ាស៉ីនប្រភេទគោយន្ត ហើយបានលិចនៅចំណុចលេខដាវ 37.22 ជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹមនិងក្រុងព្រះសីហនុ វេលាម៉ោង៣រំលងអាធ្រាត ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ។
ម្ចាស់ទូកបញ្ជាក់បន្ថែមថា នៅលើទូកនេសាទដែលលិចនោះ មានមនុស្សចំនួន០២នាក់ មានឈ្មោះ អា ស្រេម ជាអ្នកបើកទូក និងកម្មករទូកម្នាក់ទៀត ម្ចាស់ទូកមិនស្គាល់ឈ្មោះ ។
ករណីលិចទូកខាងលេីនេះ សម្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំង ទឹករលកធំៗបណ្តាលអោយលិចតែម្តង ។
បច្ចុប្បន្ន លោកឧកញ៉ា ទៀ វិចិត្រ កំពុងបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង សហការជាមួយសម្ថកិច្ច កំពុងស្វែងរកបន្ត ទោះបីជាការស្វែងរកក្នុងលម្ហសមុទ្រ ជួបការលំបាកច្រើន ដោយសារតែសមុទ្រមានខ្យល់និងរលកខ្លាំង លោកឧកញ៉ា និងព្យាយាមឲ្យអស់ពីលទ្ធភាព៕