ឯកឧត្តម ទេព ងន អញ្ជើញបើកវេទិកាថ្នាក់ខណ្ឌជាមួយក្រុមប្រឹក្សាសង្កាត់ទាំង៥ខណ្ឌ ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គវេទិកាស្តីពី ការអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាព ធានាបានសុខសន្តិភាព» នៅព្រីមៀរសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១។
អង្គវេទិការៀបចំឡើងដើម្បីឲ្យក្រុមប្រឹក្សាសង្កាត់បានដកពិសោធន៍ និងផ្លាស់ប្ដូរយោបល់ឆ្លុះបញ្ចាំងអំពីការអនុវត្តការងារបានល្អ និងបញ្ហាសេសសល់មួយចំនួនដែលត្រូវកែលម្អ។
ក្នុងដំណើរការនៃអង្គវេទិការយៈពេលមួយព្រឹកនេះ មានការធ្វើបទអន្តរាគមន៍របស់ក្រុមប្រឹក្សាសង្កាត់ និងខណ្ឌទាំង៥ ស្តីពីការអភិវឌ្ឍមូលដ្ឋាន ការងារភូមិ សង្កាត់មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ ព្រមទាំងមានការលើកសំណូមពរ បញ្ហាប្រឈម និងមានការបកស្រាយបំភ្លឺពីក្រសួងពាក់ព័ន្ធដែលបានអញ្ជើញចូលរួម។
សូមជម្រាបថា អង្គវេទិកាមានការអញ្ជើញចូលរួមពីអាជ្ញាធររាជធានីភ្នំពេញ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងមហាផ្ទៃ រដ្ឋករទឹកស្វយ័តរាជធានីភ្នំពេញ ក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធទាំង៥ខណ្ឌ រួមមាន៖ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ សរុបចំនួន៤០៥នាក់ ៕