អភិបាលខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A សរុបចំនួន ៦៤នាក់
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តប្រៃវែង និងលោកជំទាវ នាល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកអាណាព្យាបាល និងនាយកសាលា ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន ៦៤នាក់ មកពីខេត្តព្រៃវែង។ ដែលពិធីនេះត្រូវបានប្រារព្ធឡើងនៅភោជនីយដ្ឋាន សេវេនប្រាយ ឃីង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ពិតជាមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពយ៉ាងអនេកចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្សដែលបានរួមគ្នាសម្រេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់នេះ ជាពិសេស ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេ និងសេចក្តីប៉ងប្រាថ្នាជាក់លាក់លើការសិក្សា រួមជាមួយការលើកទឹកចិត្តផ្សេងៗទៀត ដែលនាំដល់ការទទួលបាននូវលទ្ធផលវិជ្ជមានសម្រាប់សិស្សានុសិស្សទាំងអស់ នឹងក្លាយជាអ្នកបន្តវេនក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិកម្ពុជាឱ្យមានគុណភាពខ្ពស់ ស្របតាមបរិបទនៃការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមគោរពជូនពរដល់លោកគ្រូ អ្នកគ្រូ នាយកសាលា អ្នកអាណាព្យាបាល ជាពិសេស សិស្សានុសិស្ស ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទ្ទេសA ក្នុងឆ្នាំសិក្សា ២០២១-២០២២នៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕