ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត មានប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនិទ្ទេស A ចំនួន៥៤នាក់ ក្នុងខេត្ត ចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC)។
តាមការឲ្យដឹងពីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ការប្រលងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% នៃបេក្ខជនសរុប។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់, និទ្ទេស B មានចំនួន ៧,២៣២នាក់, និទ្ទេស C មានចំនួន ១៩,០៥៣នាក់, និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២, ៤៥០នាក់។
ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាការលើកទឹកចិត្តដ៏ធំធេងដល់សិស្សដែលបានប្រឹងប្រែងសិក្សារៀនសូត្រ និងជាការលើកទឹកចិត្តបន្ថែមទៀតឱ្យសិស្សានុសិស្សទាំងអស់ ក៏ដូចជាសិស្សានុសិស្សដែលត្រូវប្រឡងនាឆ្នាំបន្តបន្ទាប់អោយខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ៕