លទ្ធផលជំនួបរវាងគណៈកម្មការទី៥ និងរដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីស្វែងយល់ពី «គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទថ្មីនៃសណ្ដាប់ធ្នាប់ពិភពលោក»
ភ្នំពេញ៖ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញលទ្ធផលជំនួប រវាងលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា (គណៈកម្មការទី៥) ដែលបានដឹកនាំប្រតិភូគណៈកម្មការទី៥ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសហការី ដើម្បីស្វែងយល់ពី [គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទថ្មីនៃសណ្ដាប់ធ្នាប់ពិភពលោក]។
ជំនួបធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ អនុលោមតាមរដ្ឋធម្មនុញ្ញ មាត្រា៩៧ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាប្រការ៣៤ថ្មី និងសេចក្តីសម្រេចលេខ ០០៥រ.ស. ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា៕