មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាជនគ្រប់រូបត្រូវផ្តល់តម្លៃ ចូលរួមអភិរក្ស ការពារ ដាំស្តារ និងធ្វើបង្ហាញ ក្តីស្រឡាញ់ចំពោះតំបន់ដីសើម
ភ្នំពេញ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាជនគ្រប់រូបត្រូវផ្តល់តម្លៃ ចូលរួមអភិរក្ស ការពារ ដាំស្តារ និងធ្វើសកម្មភាពបង្ហាញសេចក្តីស្រឡាញ់ចំពោះតំបន់ដីសើម។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាលនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងទិវាតំបន់ដីសើមអន្តរជាតិ ២កុម្ភៈ ២០២៣ ក្រោមប្រធានបទ «ការស្តារឡើងវិញនូវ តំបន់ដីសើម» ជាប្រធានបទសម្រាប់ទិវាដីសើមអន្តរជាតិ ២កុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់ស្ថាប័នពាក់ព័ន្ធ សាធារណជន និងសហគមន៍មូលដ្ឋាន អំពីភាពចាំបាច់ និងអត្ថប្រយោជន៍នៃតំបន់រ៉ាមសារ នៅបរិវេណសាលាបឋមសិក្សាទួលស្លែង ភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្ដកណ្ដាល ។
ឯកឧត្តម គ្រុយ ម៉ាឡែន បានលើកឡើងនូវអនុសាសន៍ណែនាំចំនួន ១០ ចំណុច សំដៅលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃតំបន់ដីសើមដល់ប្រជាសហគមន៍ និងលើកទឹកចិត្ដឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធក្នុងការថែរក្សា ការពារ និងគ្រប់គ្រងតំបន់ដីសើមសម្រាប់ជាឧត្តមប្រយោជន៍របស់មនុស្សជាតិ និងជីវៈចម្រុះប្រកបដោយនិរន្តរភាព។
ថ្លែងក្នុងឱកាសបើកកម្មវិធី លោកជំទាវ ម៉ុម ថានី បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃទី២ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ក្នុងការប្រារព្ធទិវាតំបន់ដីសើមអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់ស្ថាប័នពាក់ព័ន្ធ សាធារណជន និងសហគមន៍មូលដ្ឋាន អំពីភាពចាំបាច់ និងអត្ថប្រយោជន៍នៃតំបន់រ៉ាមសារ ដែលជាតំបន់ដីសើម មានសារៈសំខាន់ជាអន្តរជាតិ ព្រមទាំងចលនាប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមថែរក្សា ការពារ ស្តារ និងអភិរក្សតំបន់ដីសើមនៅកម្ពុជា ជាពិសេស ធនធាននៅក្នុង និងជុំវិញតំបន់ដីសើម»។
លោកជំទាវបន្តថា ដោយមើលឃើញពីសារៈសំខាន់នៃតំបន់ដីសើម ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាផ្តល់នូវទឹកស្អាតសម្រាប់ប្រើប្រាស់ និងស្រោចស្រព ជាប្រភពស្បៀងអាហារ និងជាតំបន់ទេសចរណ៍ធម្មជាតិ ព្រមទាំងជួយកាត់បន្ថយគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត។ល។
លោកជំទាវបានអំពាវនាវដល់ប្រជាជនគ្រប់រូបត្រូវតែផ្តល់តម្លៃ ចូលរួមអភិរក្ស ការពារ ដាំស្តារ និងធ្វើសកម្មភាពបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះតំបន់ដីសើម»។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានតំបន់រ៉ាមសារ ដែលជាតំបន់ដីសើមចំនួន ៥កន្លែង គឺ ១)តំបន់រ៉ាមសារកោះកាពិ ២)តំបន់រ៉ាមសារព្រែកទាល់ ៣)តំបន់រ៉ាមសារស្ទឹងសែន ៤)តំបន់រ៉ាមសារបឹងទន្លេឆ្មារ និង៥)តំបន់រ៉ាមសារស្ទឹងត្រែង។
បន្ទាប់មកលោកជំទាវគណៈអធិបតី និងអ្នកចូលបានដាំកូនឈើចំនួន ២០០ដើម(ដើមរំដួល និងដើមម្ដេញ) នៅបរិវេណសាលារៀន និងតាមដងព្រែកផងដែរ៕