រដ្ឋមន្ត្រីក្រសួងការងារ៖ ធនធានមនុស្ស គឺជារឿងចាំបាច់ សម្រាប់សង្គមជាតិ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ ។
ឯកឧត្ដមរដ្ឋមន្ត្រី លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើក «វេទិកាធនធានមនុស្ស ឆ្នាំ២០២៣» ដែលរៀបចំឡើងរបស់យូរ៉ូឆេម កម្ពុជា (EUROCham Cambodia) និង សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលជាតំណាងនិយោជកនៅកម្ពុជាដ៏មានសក្តានុពល ក្នុងការចូលរួមអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ធ្វើឡើងនៅសណ្ឋាគាររ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង អះអាងថា ធនធានមនុស្សគឺជាមូលធនដ៏សំខាន់របស់សហគ្រាស គ្រឹះស្ថាននីមួយៗ ក្នុងការសម្រេចឱ្យបាននូវដំណើរការអាជីវកម្មប្រកបដោយផលិតភាពនិងចីរភាព។ ការយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស ជាកត្តាជោគជ័យគន្លឹះរបស់សហគ្រាស គ្រឹះស្ថាន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពនៅក្នុងយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាល។ ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣និងទី៤ សំដៅលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ, សុខភាពល្អនិងកាយសម្បទារឹងមាំ, តួនាទីស្ត្រី និង កិច្ចគាំពារសង្គម។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា សម្តេចតេជោ ពិតជារីករាយនៅពេលបានឃើញពីវឌ្ឍនភាពលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ប៉ុន្តែ “ធនធានមនុស្សនៅកម្ពុជា មានកម្លាំងពលកម្មច្រើន តែចំណេះជំនាញបំពេញសេចក្តីត្រូវការរបស់ក្រុមហ៊ុននៅមានកម្រិត”។ ឆ្លើយតបទៅចន្លោះខ្វះខាតទាំងនេះ ក្រសួងការងារបាននិងកំពុងចូលរួមយ៉ាងសកម្ម តាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការអនុវត្តគោលនយោបាយតម្រង់ទិសការងារ និងវិជ្ជាជីវៈសកម្ម ដែលជាមូលដ្ឋានគ្រឹះក្នុងការផលិត និងប្រែក្លាយនូវកម្លាំងពលកម្មជំនាញ និយោជិតប្រកបដោយសមត្ថភាពច្បាស់លាស់។ ថ្មីៗកន្លងទៅនេះ សម្តេចតេជោ ក៏បានដាក់ចេញនូវទិសដៅក្នុងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងយុវជនក្នុងគ្រួសារក្រីក្របានរៀនជំនាញវិជ្ជាជីវះគ្រប់មុខជំនាញ ប្រមាណ ១.៥ លាននាក់ ព្រមទាំងទទួលបាននូវការឧបត្ថម្ភជាប្រាក់ក្នុងពេលកំពុងទទួលវគ្គបណ្តុះបណ្តាលទៀតផង ដើម្បីធ្វើយ៉ាងណាឱ្យកម្លាំងពលកម្មមានជំនាញគ្រប់ផ្នែក និងគ្រប់កម្រិតឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សទាំងសេដ្ឋកិច្ច និងបច្ចេកវិទ្យា។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិជាក់លាក់មួយ ដើម្បីធ្វើការអភិវឌ្ឍមូលធនមនុស្សដែលជាធនធានជន្ទល់គាំទ្រឱ្យការរីកចំរើននៃសង្គមសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយ ១-ជំរុញឱ្យប្រជាពលរដ្ឋមានការងារសមរម្យនិងកម្រិតជីវភាពកាន់តែប្រសើរឡើង ២-លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ៣-បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញឥរិយាបថការងារ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត និង ៤-ធានាថា“ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”។
ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំឱ្យអង្គពិធី រួមគ្នាបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងគោលបំណងអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ទីផ្សារការងារ និងការគាំពារសង្គម ដូចខាងក្រោម៖
ទី១៖ លើកទឹកចិត្តគ្រប់និយោជក ចូលរួមលើកកម្ពស់លក្ខខណ្ឌការងារនៅក្នុងវិស័យធុរកិច្ចរបស់ខ្លួន។ ការភ្ជាប់លក្ខខណ្ឌការងារជាមួយនឹងធុរកិច្ចរបស់ខ្លួនគឺជាចំណុចដ៏សំខាន់ មុននឹងឈានដល់ការវិវឌ្ឍខ្លួនទៅជាធុរកិច្ចខ្នាតអន្តរជាតិ។
ទី២៖ លើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ជាពិសេសតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP)៕