លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមពិធីបុណ្យមាឃបូជានៅពុទ្ធគិរីកម្ពុជា ស្ថិតក្នុងស្រុកត្រាំកក់ ខេត្ដតាកែវ
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននារសៀលថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា នៅពុទ្ធគិរីកម្ពុជា ស្ថិតក្នុងភូមិ អន្លង់ភ្ញៀវ ឃុំត្រពាំង គ្រញូង ស្រុកត្រាំកក់ ខេត្ដតាកែវ។
បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។
នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យ សមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។
តាមកម្មវិធីបុណ្យ រួមមាន ៖
១- ដង្ហែរគ្រឿងសក្ការៈទៅកាន់សាលាធម្មសភា
២- ថ្វាយគ្រឿងសក្ការៈ និងបូជាទៀនធូបចំពោះព្រះអង្គ
៣- ប្រកាសទេវតា
៤- នម្សសកាព្រះរតនត្រៃ
៥- សមាទានសីល
៦- ប្រកាសមាឃបូជា
៧- សមាធិ
៨- បណ្តែតប្រទីប ៕