ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាព ការណ៍ថ្មីៗ និងប្រគល់ភារកិច្ចជូនដល់នាយទា ហាន នាយទាហានររងនិងពលទាហាន
ភ្នំពេញ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើង និងប្រគល់ភារកិច្ចចាំបាច់មួយចំនួនជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជា ការតំបន់ប្រតិបត្តិការសឹករង ដែលពិធីនេះប្រព្រឹត្ត ទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងពីសភាពការណ៍ថ្មីៗអន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសសភាពកាណ៍ថ្មីៗដែលកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសអំពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែន ក្រោមដំបូលសុខសន្តិភាព និងការឯកភាព ជាតិពេញលេញ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចបស់កងកម្លាំងទាំងអស់នៅគ្រប់បណ្ដាកងឯកភាព ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានអនុវត្តសម្រេចភារកិច្ចតាមផែនការដែលថ្នាក់លើបានប្រគល់ជូន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន និងយោធិនទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះទណ្ឌិតជនក្បត់ជាតិបីជំនាន់ សម រង្សី ដែលបានប្រមាថព្រះមហាក្សត្រ ជេរប្រមាថរាជរដ្ឋាភិបាល ញុះញង់លាបពណ៌ បំភ្លៃការពិតធ្វេីឲ្យមានការបែកបាក់ជាតិ ។ ជាមួយនេះដែរមេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងយោធិនទាំងអស់បានប្ដេជ្ញាចិត្តដាច់ខាត កំចាត់ចោលនូវរាល់ជនទាំងឡាយណា ដែលមានគោលបំណងធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវការពារឲ្យបានសុខសន្តិភាព ដែលយើងកំពុងមានដូចបច្ចុប្បន្ននេះ ឱ្យបន្តនៅគង់វង្សជារៀងរហូត សម្រាប់សេចក្តីសុខសាន្ត របស់កូនចៅយើងជំនាន់ក្រោយៗទៀត ។
នៅក្នុងឱកាសនេះដែរ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបេ្តជ្ញាចិត្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅអាណត្តិទី៧ នៃរាជរដ្ឋាភិបាលនៅពេលខាងមុខ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ៕