ឯកឧត្តម ថោង ខុន ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាប្អូនថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្អូនបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅគេហដ្ឋានសពលេខ៦៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលបានទទួលមរណភាពនាសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្តម ថោង ខុន បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងបានសរសេរសាររំលែកមរណទុក្ខជូនក្រុមគ្រួសារ ព្រមទាំងបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕