ឯកឧត្តម ឡូយ សុផាត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលសុខភាព សន្តិភាព នៅភូមិគិរីបាស់លើ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មធិការទី៣ រដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនូវសមិទ្ធិផលថ្មីមួយគឺ មណ្ឌលសុខភាព សន្តិភាព ដែលស្ថិតនៅភូមិគិរីបាស់លើ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ហើយជាឃុំដាច់ស្រយាល មានបងប្អូន ជនជាតិ ភាគតិច កាវែត ភាគច្រើនរស់នៅ។
ដោយមានការចូលរួមពី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធា អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តនិងអង្គការភ្លែន ផងដែរ។
លោក ផាន់ យុត អភិបាល នៃគណៈអភិបាលស្រុកសៀមប៉ាង បានឡើងគារវកិច្ចចំពោះ ឯកឧត្តម ឡូយ សុផាត និងថ្នាក់ដឹកនាំដែលបានអញ្ជើញចូលរួមក្នុងវិធីសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលសុខភាព សន្តិភាព និងបានថ្លែងអំណរគុណដល់អង្គការភ្លែនអន្តរជាតិ ប្រចាំនៅកម្ពុជា ដែលកន្លងមកបានជួយស្រុក សៀមប៉ាងឱ្យមានការអភិវឌ្ឍរីកចំរើន ។
លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃ និងប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានបន្តបង្កើនវិនិយោគធនធានជារៀងរាល់ឆ្នាំ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន នៃប្រព័ន្ធសុខាភិបាល លើកកម្ពស់សមត្ថភាព សេវាសុខាភិបាល សមត្ថភាព និយ័តកម្ម ផ្គត់ផ្គងឱសថ បរិក្ខារ និងឧបករណ៍ពេទ្យ។
ជាពិសេសលទ្ធផលក្នុងការបង្កើនការគ្របដណ្តប់និងការប្រើប្រាស់សេវាសុខាភិបាល ការកែលម្អគុណភាពសេវាឱ្យកាន់តែប្រសើរឡើង ព្រមទាំងការពង្រឹងសមត្ថភាព ត្រៀមបំរុងនៃការឆ្លើតតប ទាន់ពេលវេលា និងមានប្រសិទ្ធភាពទៅនិងការគំរាមកំហែងសុខភាពសាធារណៈ ដូចជា គ្រោះមហន្តរាយ ការផ្ទុះនៃជំងឺឆ្លង ជាពិសេសជំងឺកូវីដ១៩ជាដើម។
លោក យី គឹមថាន នាយកប្រចាំប្រទេស ទទួលបន្ទុកកម្មវិធីអង្គការភ្លែនអន្តរជាតិ បានមានប្រសាសន៍ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែករក្សានូវសមិទ្ធិផល ដើម្បីមានការប្រើប្រាស់យូរ អង្វែង ដើម្បីជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋ និងកុមារ។
លោកនាយក បានបន្តថា តាមចក្ខុវិស័យរបស់រាជរដ្ឋភិបាល ដើម្បីឱ្យសេវាសុខភាព ខិតជិតដល់ ប្រជាពលរដ្ឋ និងមើលឃើញពីផលលំបាក នៃការធ្វើដំណើរស្វែងរកសេវាសុខភាព ទើបអង្គការភ្លែន បាន គៀងគថវិការនានាសង់នៅមណ្ឌលសុខភាព ក្នុងទីដាច់ស្រយាល់នេះ ដើម្បីបង្ករភាពងាយស្រួយ ក្នុងការស្វែង រកសេវាសុខភាព ព្យាបាលជំងឺទូរទៅ ការសម្រាលកូន និងការសង្គ្រោះបន្ទាន់បឋម ។ល។
ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ និងពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ សម្តេចពញ្ញាចក្រី ហេង សំរិន សម្តេចតេជោ ហ៊ុន សែន ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ្នកតំណាងរាស្រ្ត បានថ្លែងអំណរអរគុណដល់ អង្គការភ្លែន ដែលបានផ្តល់ជូននូវអគារមណ្ឌលសុខភាពសន្តិភាពនេះ ដើម្បីចូលរួមលើកស្ទួយផ្នែក សុខាភិបាលយ៉ាងខ្លាំង ពិសេសបានមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ឆ្ងាយ ពិបាកទៅទទួលសេវាថែទាំសុខភាព និងបានយកចិត្តទុកដាក់លើវិស័យសុខាភិបាល សម្រាប់ប្រជាពលរដ្ឋ និងខិតខំ ប្រឹងប្រែង ស្វែងរកថវិកាមកជួយកសាង មណ្ឌលសុខភាពនេះ។
ឯកឧត្តម ឡូយ សុផាត បានអះអាងថា អគារមណ្ឌលសុខភាពសន្តិភាព ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀត ធ្វើឱ្យភូមិគិរីបាស់លើ ឃុំសន្តិភាព មានការផ្លាស់ប្តូរមុខ មាត់ជាថ្មី។
នាឱកាសនោះ ឯកឧត្តម ឡូយ សុផាត បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសុខភាពសន្តិភាព និងអញ្ជើញពិនិត្យបន្ទប់ព្យាបាល និងបន្ទប់ពិនិត្យជំងឺ រួមទាំងជូនថវិការដល់ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាព និងអ្នកជំងឺ ស្រ្តីមានផ្ទៃពោះ និងលោកគ្រូអ្នកគ្រូផងដែរ ៕