រដ្ឋមន្រ្តីពាណិជ្ជកម្ម អនុញ្ញាតឲ្យសហព័ន្ធស្រូវ អង្ករកម្ពុជា ជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារ សម្រាប់អាណត្តិថ្មី
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុញ្ញាតជូនសហព័ន្ធស្រូវ អង្ករកម្ពុជា ជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារសម្រាប់អាណត្តិថ្មី ដែលជំនួបនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក លោក លោកស្រី ដែលជាមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម និងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ សមាជិកសហព័ន្ធស្រូវ អង្ករកម្ពុជាសរុបប្រមាណ ៥០ នាក់។
ជាកិច្ចចាប់ផ្ដើម ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ អង្ករកម្ពុជា បានថ្លែងនូវអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ជួយដល់សហព័ន្ធស្រូវ អង្ករកម្ពុជា គ្រប់កាលៈទេសៈ ជាពិសេសការរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហព័ន្ធស្រូវ អង្ករកម្ពុជា អាណត្តិទី៤ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។
លោកឧកញ៉ា បានបន្តថាសហព័ន្ធបានធ្វើការសម្របសម្រួលដោយបង្កើតក្រុមប្រឹក្សាគោលនយោបាយស្រូវ អង្ករកម្ពុជារបស់សហព័ន្ធ ដែលមានសមាសភាពចំនួន១១រូប ដែលសុទ្ធសឹងជាព្រឹទ្ធាចារ្យ និងឥស្សរជន ដែលមានបទពិសោធន៍ក្នុងវិស័យស្រូវ អង្ករ។
ជាកិច្ចបន្ទាប់ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា បានធ្វើការរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្រ្តី នូវផែនការសកម្មភាពរបស់សហព័ន្ធស្រូវ អង្ករកម្ពុជាសម្រាប់អាណត្តិទី៤ សំដៅជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ដោយកំណត់យកគោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោនក្នុងឆ្នាំ២០២៣ និងឈានដល់១លានតោនក្នុងឆ្នាំ២០២៥។
ឧកញ៉ាប្រធានសហព័ន្ធ បន្តថាសហព័ន្ធមានផែនការបន្តពង្រឹងអភិបាលកិច្ចនៃកិច្ចដឹកនាំរបស់សហព័ន្ធ ដោយរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០២៣-២០២៧) និងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ក្នុងការបើកច្រកទីផ្សារថ្មីៗ ជាពិសេសទីផ្សារប្រទេសហ្វីលីពីន ព្រមទាំងពង្រីកទីផ្សារនាំចេញសក្តានុពលដទៃទៀត តាមរយៈការចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មនៅក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (នាខែកុម្ភៈ) ប្រទេសថៃ (នាខែឧសភា) និងប្រទេសអាឡឺម៉ង់ (នាខែតុលាខាងមុខ) ក៏ដូចជាក្នុងដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅតំបន់ និងប្រទេសគោលដៅមួយចំនួនទៀត ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ហុងកុង សហរដ្ឋអាមេរិក កាណាដា និងប្រទេសអូស្រ្តាលី ជាដើម។
ឧកញ៉ាប្រធានសហព័ន្ធ បន្ថែមថា សហព័ន្ធមានផែនការបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារទៅកាន់ប្រទេសចិនឱ្យបានច្រើនជាង ៤០ម៉ឺនតោននៅក្នុងឆ្នាំ២០២៣ នេះតទៅ ពិសេសបន្តធ្វើពិពិធកម្មទៅកាន់ទីផ្សារឱ្យបានកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត រួមមាន៖ សហរដ្ឋអាមេរិក កាណាដា មជ្ឈឹមបូព៌ា សិង្ហបុរី ហុងកុង ប្រទេសឥណ្ឌូនេស៊ី ។ល។ ព្រមទាំងផ្សព្វផ្សាយម៉ាកអង្ករ ដែលមានចុះបញ្ជីរួច ដូចជា ម៉ាកវិញ្ញាតកម្ម “ម្លិះអង្ករ” និងម៉ាកសមូហភាព “SKO” និងអង្ករដំណើបស្បៃមង្គល “DSMK”។
ក្នុងឱកាសនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្ដែងការអបអរសាទរចំពោះ ឧកញ៉ា លោកជំទាវ លោកស្រី ដែលជាថ្នាក់ដឹកនាំរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបទទួលបាននូវសេចក្តីទុកចិត្តពីសមាជិក សមាជិកា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ព្រមទាំងបានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសហព័ន្ធស្រូវ អង្ករកម្ពុជាទាំងអស់ចំពោះសមិទ្ធផលការងារដ៏ល្អក្នុងអាណត្តិកន្លងមក។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា វិស័យស្រូវអង្ករនៅកម្ពុជា ជាវិស័យមួយដែលរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាអាទិភាពបំផុត ហើយ សម្តេច តែងតែយកវិស័យស្រូវអង្ករនេះជាប្រធានបទ និងជាមូលវិចារសំខាន់សម្រាប់ជជែកពិភាក្សាក្នុងកិច្ចសន្ទនាជាមួយប្រមុខថ្នាក់ដឹកនាំនានា ទាំងទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ ដើម្បីលើកកម្ពស់ដល់វិស័យនាំចេញអង្ករ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃ ដែលមានប្រភពវត្ថុធាតុដើមពីអង្ករបានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។ល។ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀតសម្រាប់ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលសង្ឃឹមថា និងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ ទន្ទឹមនេះ ឯកឧត្តម បានផ្តល់ការណែនាំដល់សហព័ន្ធជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនទៀត ដោយសារកម្ពុជាមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ រវាងក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុនសាជីវកម្មចិន (COFCO) ដែលមានបរិមាណសរុបចំនួន៤០ម៉ឺនតោន។
ឆ្លៀតក្នុងឱកាសនោះ ដើម្បីចូលរួមបំពេញបន្ថែមលើយុទ្ធសាស្ត្រអនុវត្តន៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន សម្រាប់ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិថ្មី យកទៅអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ដែលអនុសាសន៍ទាំងនោះរួមមាន៖
១)បន្តពង្រឹងអភិបាលកិច្ចដឹកនាំដែលមានជាធរមាន
២)បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដែលជាមូលដ្ឋានប្រកួតប្រជែងជាមួយប្រទេសនាំចេញអង្ករផ្សេងទៀត
៣)បន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការចរចាពង្រីកទីផ្សារនាំចេញ និងការសម្របសម្រួលលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីនាំអង្ករចេញទៅកាន់ទីផ្សារប្រទេសចិន និងបង់ក្លាដេស
៤)បន្តកិច្ចសហប្រតិបត្តិការឱ្យបានរឹងមាំបន្ថែមទៀត ជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការចរចាជំរុញការនាំចេញ
៥)បន្តតាមដានទប់ស្កាត់អតិផរណាតម្លៃស្រូវអង្ករ និងការថែរក្សាបាននូវស្ថិរភាពតម្លៃស្រូវអង្ករលើទីផ្សារ
៦)សហការជាមួយអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ជាពិសេសផ្នែកវិញ្ញាបនបត្រប្រភពដើម ដើម្បីដោះស្រាយបញ្ហារាំងស្ទះ ការគ្រប់គ្រង និងការចែករំលែកទិន្នន័យនាំចេញអង្ករ
៧)សហការជាមួយនាយកដ្ឋានកិច្ចការពិព័រណ៍ ក្នុងការចូលរួមផ្សព្វផ្សាយ តាំងបង្ហាញអង្ករកម្ពុជា ជាពិសេសផលិតផលអង្ករម៉ាកវិញ្ញាតកម្ម និងម៉ាកសមូហភាពនានា
៨)សហការជាមួយអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស តាមរយៈគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច (AIMS) ក្នុងការសម្របសម្រួលចុះកិច្ចសន្យាទិញ លក់ ជាមួយបងប្អូនប្រជាកសិករ និង
៩)ចូលរួមសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលនយោបាយជំរុញការផលិតពូជស្រូវ និងចែកចាយដល់ប្រជាកសិករ និងធ្វើកិច្ចសន្យាកសិកម្មដើម្បីធានាបាននូវតម្លៃស្រូវ៕