លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ ដោយសង្កត់ធ្ងន់ថា ត្រូវយល់ដឹងយ៉ាងត្រឹមត្រូវនិងជំរុញយ៉ាងខ្លាំងក្លានូវការធ្វើទំនើបកម្មតាមបែបផែនចិន
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសិក្ខាសាលាស្តីពីការរៀនសូត្រនិងអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដោយសង្កត់ធ្ងន់ថា ត្រូវយល់ដឹងយ៉ាងត្រឹមត្រូវនិងជំរុញយ៉ាងខ្លាំងក្លានូវការធ្វើទំនើបកម្មតាមបែបផែនចិន។
នៅថ្ងៃទី ៧ ខែកុម្ភៈ សិក្ខាសាលាស្តីពីការរៀនសូត្រនិងអនុវត្តគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping និងសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នៃសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនព្រមទាំងកម្មាភិបាលនិងថ្នាក់ដឹកនាំថ្នាក់ខេត្តសំខាន់ៗអាណត្តិថ្មីបានបើកធ្វើនៅសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្ស ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសិក្ខាសាលាដោយបូកសរុបនិងអធិប្បាយយ៉ាងស៊ីជម្រៅនូវទ្រឹស្តីនៃការធ្វើទំនើបកម្មតាមបែបផែនចិនថា នេះគឺជាការច្នៃប្រឌិតថ្មីផ្នែកទ្រឹស្តីសំខាន់ៗរបស់បក្សនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ និងជាសមិទ្ធផលដ៏ធំនិងសំខាន់បំផុតនៃសង្គមនិយមបែបវិទ្យាសាស្ត្រ ។ ការធ្វើទំនើបកម្មតាមបែបផែនចិនគឺជាសមិទ្ធផលដ៏ធំនិងសំខាន់របស់បក្សកុម្មុយនីស្តចិនដែលបានដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិនពុះពារឧបសគ្គគ្រប់បែបយ៉ាងនិងបង់តម្លៃយ៉ាងធំធេងក្នុងការស្វែងរកនិងអនុវត្តជាក់ស្តែងរយៈពេលយូរ ដូច្នេះ យើងចាំបាច់ត្រូវថែរក្សាឱ្យបានល្អ ប្រកាន់ខ្ជាប់ជាប់និច្ច ក៏ដូចជាត្រួសត្រាយនិងធ្វើឱ្យស៊ីជម្រៅឥតឈប់ឈរ ៕