ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ចិន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងប្រាប់ប្រធានាធិបតីចិន ថាសេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ប្រទេសចិន ។
ការថ្លែងរបស់សម្ដេចតេជោ បែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំដែងការគួរសម ឯកឧត្តម ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ក្នុងជំនួបគ្នានោះ សម្តេចតេជោបានស្នើដល់ឯកឧត្តមប្រធានាធិបតី ជំរុញអ្នកទេសចរណណ៍ចិន មកទស្សនាកម្ពុជាឲ្យកាន់ច្រើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរិតត្បិតរបស់ប្រទេសចិន ពិសេសការលើកទឹកចិត្តពី ឯកឧត្តមប្រធានាធិបតី ដើម្បីឲ្យអ្នកទេសចរណ៍ចិនធ្វើដំណើរមកកាន់កម្ពុជា ដោយគ្មានការភ័យខ្លាច។
សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង ពោលបើមិនមានវ៉ាក់សាំងចាក់ស្រោចដែលផ្តល់ដោយភាគីចិនទេនោះទេ មិនដឹងថាប្រជាជនកម្ពុជាមានវាសនាបែបណានោះទេ ពិសេសកម្ពុជាបានបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០២១ ៕