ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ (ស.ស.យ.ក)
ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣ បានអញ្ជើញផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅសាលប្រជុំតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានសមាជិក សមាជិការចូលរួម ៣០០នាក់។
លោក ស្រ៊ុន ស្រ៊ន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរាយការណ៍ពីសកម្មភាពការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ មានសមាជិកសរុបចំនួន ២ ៨០០នាក់ នៅតាមសាខាក្រុង ស្រុកទាំង៥ មន្ទីរ អង្គភាព និងសាលាវិទ្យាល័យក្នុងខេត្ត។ ស.ស.យ.ក បានធ្វើសកម្មភាពសម្របសម្រួលដឹកនាំយុវជន សហការជាមួយក្រុមយុវជនកុលបុត្រសម្តេចតេជោ ប្រមូលថវិកាដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈកម្មវិធី ” ជិះកង់ ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជា ” ឆ្នាំ២០១៥ ប្រមូលថវិកាបាន ៩,១៥៩៥ដុល្លា និងលើកទី២ នៅឆ្នាំ២០១៧ ប្រមូលថវិកាបាន ៣៣,១៧៧ដុល្លា។
ឯកឧត្តម គួច ចំរើន ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមអបអរសាទរលទ្ធផលមហាសន្និបាតទូទាំងប្រទេសកាលពីថ្ងៃ២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ គូសបញ្ជាក់យ៉ាងជ្រាលជ្រៅក្នុងការពូនជ្រំថែរក្សាសុខសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។ ស្នាដៃនៃចលនាយុវជន ស.ស.យ.ក គ្រប់ផ្នែកគ្រប់ថ្នាក់ ហើយយើងនៅមានបេសកកម្មរក្សាស្នាដៃ និងកេរ្តិ៍តំណែលរបស់យុវជនរបស់យើងជំនាន់មុន ដើម្បីស្វែងរកសន្តិភាពសម្រាប់កម្ពុជា ក្នុងដំណាក់កាលកម្ពុជាមានសន្តិភាព យើងមានភារកិច្ចថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស កត្តាសន្តិភាពនាំឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្ន។ តួនាទីស្នូលរបស់ ស.ស.យ.ក បានយកអស់កម្លាំងកាយចិត្ត លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន ដោយមិនខ្លាចនឿយហត់ ផ្សារភ្ជាប់ជាមួយមូលដ្ឋាន និងប្រជាពលរដ្ឋព្រមទាំងប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវខ្ពស់ សាមគ្កីភាពរឹងមាំ ឧត្តមគតិស្នេហាជាតិ និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីអនាគតដ៏រុងរឿងរបស់កម្ពុជា និងភាពជាគំរូសម្រាប់យុវជនជំនាន់ក្រោយបន្តទៀត។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ខេត្តព្រះសីហនុ យើងមានមោទនភាព និងកិត្តិយស ដែលត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសធ្វើជាទីតាំងម្ចាស់ផ្ទះក្នុងការរៀបចំកីឡាស៊ីហ្គេមលើ៣ វិញ្ញាសា រួមមាន កីឡាម៉ូតូទឹក ទូកក្តោង និងបាល់ទះលើឆ្នេរខ្សាច់ ទន្ទឹមនេះយើងក៏ចង់ឃើញ ស.ស.យ.ក ចូលរួមសកម្មភាពព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅខេត្តព្រះសីហនុផងដែរ ៕