កម្ពុជា-ចិន ទន្ទឹងរង់ចាំការតភ្ជាប់ផ្លូវដែកកម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ ក្នុងពេលឆាប់ៗនេះ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានទន្ទឹងរង់ចាំការតភ្ជាប់ផ្លូវដែកកម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ ក្នុងពេលឆាប់ៗនេះ ។
នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី
រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ចិនគាំទ្រកម្ពុជាលើការងារដំបូង នៃការធ្វើផែនការរៀបចំផ្លូវដែក ការរចនា និងការសិក្សាសមិទ្ធលទ្ធភាព សំដៅលើកកម្ពស់គម្រោង និងការសាងសង់ផ្លូវដែក ដើម្បីផលប្រយោជន៍ជីវភាពប្រជាជន ដែលរស់នៅតាមបណ្តាយផ្លូវដែកនេះ។ ភាគីទាំងពីរទន្ទឹងរង់ចាំការតភ្ជាប់ផ្លូវដែកកម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ ក្នុងពេលឆាប់ៗនេះ។
ភាគីទាំងពីរបានឯកភាពអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីផែនការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ចិន (២០២៣-២០២៥)។ ជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ ស្ពាន អាងស្តុកទឹក ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងខ្សែកាបអុបទិកក្រោមបាតសមុទ្រ។
អនុវត្តគម្រោងផ្លូវជនបទនានា ការផ្គត់ផ្គង់ទឹក សាលារៀន និងគម្រោងវេជ្ជសាស្រ្តនានា នៅកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ភាគីកម្ពុជាបានថ្លែងអំណរគុណចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ប្រទេសចិន ក្នុងទម្រង់នានា សម្រាប់ការអនុវត្តគម្រោងនានា ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងបច្ចេកទេស និងគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស នៅកម្ពុជា ៕