ចិន ប្រកាសប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា រដ្ឋាភិបាលចិន ប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។
ការបញ្ជាក់របស់ឯកឧត្ដម លី ខឺឈាង បែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាកំពូលទ្វេភាគី ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ក្នុងជំនួបនោះភាគីចិនកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗនានា ដែលកម្ពុជាសំរេចបាន ក្នុងការកសាងស្ថេរភាពជាតិ វិបុលភាព ព្រមទាំងពង្រីកឥទ្ធិពលកម្ពុជាលើឆាកអន្តរជាតិ។ ភាគីចិនគាំទ្រពេញទំហឹងចំពោះ ១-ការជ្រើសរើសមាគ៌ា អភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ២-កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នានា ៣-ការអភិវឌ្ឍបន្តបន្ទាប់ តាមរបៀបវារៈនយោបាយកម្ពុជា និង៤-ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ កម្ពុជា ១-ប្រកាន់នយោបាយចិនមួយ ២-ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់ចិន និង៣-គាំទ្រចិន ការពារផលប្រយោជន៍ស្នូល ព្រមទាំងការបង្រួបបង្រួមជាតិ ៕