លោកជំទាវ ម៉ែន សំអន ៖ ការកសាងសមត្ថភាពរបស់កុមារី យុវតី និងស្ដ្រី ឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ គឺជាការលើកតម្កើងតម្លៃស្រ្តី និងភាពថ្លៃថ្នូរនៃប្រពៃណីខ្មែរ
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នារាត្រីថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីរាត្រីសមោលសរ ក្រោមប្រធានបទ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា” នៅមជ្ឈមណ្ឌលដឺព្រីមៀរសែនសុខ រាជធានីភ្នំពេញ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះកត្តញ្ញុតាធម៌ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលព្រះអង្គតែងយកព្រះរាជហឫទ័យទុកដាក់ចាប់តាំងពីសន្និបាតលើកទី១ នៃការបង្កើតសមាគម នេះឡើងវិញ រហូតសមាគមកាយឫទ្ធិនារីកម្ពុជា បានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ទទួលបានការទទួលស្គាល់ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិដូចនាពេលបច្ចុប្បន្ន។
លោកជំទាវកិត្តិសង្គហបណ្ឌិត មានជំនឿយ៉ាងមុតមាំថា នៅក្នុងអាណ្តត្តិក្រោមការដឹកនាំរបស់លោកជំទាវ ពេជ ចន្ទមុនី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ប្រាកដជាអាចរក្សាភាពគង់វង្សនៃការរីកចម្រើន និងជំរុញការកសាងសមត្ថភាពរបស់កុមារី យុវតី និងស្ដ្រី ឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ និងលើកតម្កើងតម្លៃស្រ្តី និងភាពថ្លៃថ្នូរនៃប្រពៃណីខ្មែរយើង។ លោកជំទាវក៏បានបន្តទៀតថា ការលើកកម្ពស់សមត្ថភាពកុមារី យុវតី និងស្រ្ដីវ័យក្មេង ឲ្យក្លាយទៅជាអនាគតស្ដ្រីរឹងមាំ ដែលមានតួនាទី និងឋានៈនៅក្នុងសង្គម តាមរយៈការកសាងសមត្ថភាពរបស់ខ្លួន ជាគន្លឹះដ៏សំខាន់ សម្រាប់ផ្ដល់ឱកាសដល់ស្ដ្រី ឲ្យចូលរួមដោយពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយស្ថានភាពស្រ្តី។
សូមបញ្ជាក់ថា ចលនាកាយឫទ្ធិនារីកម្ពុជា ជាចលនាឯករាជ្យ ស្ម័គ្រចិត្ត មិនចូលបក្សសម្ព័ន្ធ មិនធ្វើនយោបាយ មិនរកប្រាក់ចំណេញ ហើយក៏មិនមែនជារបស់រដ្ឋាភិបាល ជាចលនាដែលមានការទទួលខុសត្រូវ ចូលរួមក្នុងការស្ថាបនាប្រទេសជាតិ និងពិភពលោក ដែលផ្តល់ឱកាសឱ្យកុមារី និងយុវតី បានអភិវឌ្ឍន៍គ្រប់កិត្យានុពលរបស់គេ ដើម្បីក្លាយខ្លួនជាពលរដ្ឋចេះទទួលខុសត្រូវចំពោះខ្លួនឯង ប្រទេសជាតិ និងពិភពលោកទាំងមូល ។
សមាគម ត្រូវបានបង្កើតឡើងតាំងពីក្នុងសម័យអាណានិគមនិយមបារាំង ប៉ុន្តែដោយសារតែសង្រ្គាម ទើបសមាគមត្រូវបានកាត់ផ្តាច់សកម្មភាពជាង ២ ទសវត្ស ហើយសមាគមត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៩៦ ៕