អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញានបត្រដល់សិស្សានុសិស្សសាលាភាសាអង់គ្លេស វែលឃឹម
ភ្នំពេញ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបជុំអាណាព្យាបាលសិស្ស និងចែកវិញ្ញាបនបត្រ ដល់សិស្សានុសិស្សគ្រប់កម្រិតសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ របស់សាលាភាសាអង់គ្លេសវែលឃឹម។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំលោកគ្រូ អ្នកគ្រូសាលាវែលឃឹម មាតា បិតា ជាអាណាព្យាបាលសិស្សានុសិស្សសរុបប្រមាណជាង៦០០ នាក់ ពិធីប្រព្រឹត្តទៅនៅភោជនីយដ្ឋាន វណ្ណ ស្រីកា។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃយ៉ាងខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការចូលរួមជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងលើកកម្ពស់វិស័យអប់រំផ្នែកភាសាអង់គ្លេស ភាសាខ្មែរ ជំនាញកុំព្យូទ័រ និងជំនាញខ្លីៗផ្សេងៗទៀត ដោយស្របទៅនឹងស្ថានភាពជាក់ស្ដែង ដែលវិស័យអប់រំជាវិស័យអាទិភាពពន្លឿនការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថាវិស័យអប់រំជាវិស័យអទិភាព សំខាន់ដែលទាមទារឲ្យមានការចូលរួមច្រើនអំពីគ្រប់មជ្ឈដ្ឋាន និងគ្រប់អ្នកពាក់ព័ន្ធជាពិសេសមាតា បិតា និងអាណាព្យាបាលដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជួយជ្រោមជ្រែងតាមដាន និងត្រួតពិនិត្យការសិក្សារបស់កូនៗជាប្រចាំរួមទាំងផ្ដល់ការអប់រំទូន្មាន និងជាគំរូល្អសម្រាប់កូនចាប់តាំងពីពួកគេនៅកុមារតូចៗរហូតដល់ធំដឹងក្ដីអាចរៀនរស់ដោយខ្លួនឯងបាន។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាបច្ចុប្បន្នក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឆ្លាតវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានបោះជំហានទៅមុខយ៉ាងស្វាហាប់ មានភាពរីកចម្រើនគ្រប់វិស័យក្នុងនោះរួមមានវិស័យអប់រំជាអាទិភាពដ៏សំខាន់មួយក្នុងការកសាងសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ និងការកសាងសន្តិភាព។ ដូច្នេះដើម្បីឲ្យក្លាយខ្លួនឲ្យទៅជាធនធានមនុស្សដ៏រឹងមាំ សម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិ សូមឱ្យសិស្សានុសិស្សតស៊ូរៀនសូត្រ នឹងក្រេបយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដែលបានផ្ដល់ឱ្យ និងធ្វើការស្រាវជ្រាវបន្ថែម ៕