ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី អនុញ្ញាតឲ្យ ប្រធានសាជីវកម្មសហគមន៏ជនបទនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ នាព្រឹកថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក លី ប៊្យុងហូ ប្រធានសាជីវកម្មសហគមន៏ជនបទនៃសាធារណរដ្ឋកូរ៉េ (KRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក លី ប៊្យុងហូ ប្រធានសាជីវកម្មសហគមន៍ជនបទនៃសាធារណរដ្ឋកូរ៉េ (KRC) បានមានប្រសាសន៏ថា KRC ស្តិតនៅចំណុះឲ្យរដ្ឋាភិបាលកូរ៉េ ដែលទទួលធ្វើគម្រោងនានារបស់រដ្ឋាភិបាលកូរ៉េ ដែលផ្តោតសំខាន់លើវិស័យកសិកម្ម ការអភិវឌ្ឍន៍ជនបទ ធនធានទឹក និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបន្តថា កន្លងមក KRC បានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជាលើគម្រោងជាច្រើន ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធជនបទ និងបណ្តុះបណ្តាលធនធានមនុស្ស។ ដូចនេះ លោក ក៏ស្នើសុំអនុសាសន៍ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីបន្តការអនុវត្តគម្រោងនានាបន្តទៀតនៅកម្ពុជាឲ្យទទួលបានជោគជ័យ។
លោកបញ្ជាក់ថា បច្ចុប្បន្ន KRC មានការិយាល័យតំណាងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់កម្ពុជា ដើម្បីឲ្យមានភាពងាយស្រួលដល់ការធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ៕