គ្រួសាររងគ្រោះដោយសារបាក់ច្រាំងទន្លេ ២១គ្រួសារ នៅស្រុកពាមជរ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ពេជ្រ ជីវ័ន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តព្រៃវែង ព្រមទាំងក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកពាមជរ ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារបាក់ច្រាំងទន្លេ ចំនួន ២១ខ្នងផ្ទះ ស្មើនឹង ២១គ្រួសារ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។
នាឱកាសនោះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា បានពាំនាំនូវសេចក្តីនឹករលឹកពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាខេត្ត និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុតចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិបែបនេះ ដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសារបាក់ច្រាំងទន្លេ នាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការសាងសង់ផ្ទះក្បែរច្រាំងទន្លេ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។
ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយសម្ដេចទាំងទ្វេ មិនដែលទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល។
ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម បដិរូបកាកបាទក្រហម វិធានការបង្ការការរីករាលនៃជំងឺគ្រុនឈាម-គ្រុនឈីក អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន សុវត្ថិភាពចរាចរណ៍ និងការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺជំងឺកូវីដ១៩(Covid-19) សរុបអ្នកចូលរួមចំនួន ៤២នាក់ ស្រី ២៩នាក់។
សម្ភារៈផ្តល់ជូន ១គ្រួសារ រួមមាន៖ អង្ករ ២៥គ.ក ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង) មី ១កេស ត្រី ខ ១យួរ និងថវិកាចំនួន ១០០,០០០រៀល៕