រន្ធត់ណាស់! យុវជន២នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយជិះម៉ូតូបុករថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៥
ពោធិ៍សាត់៖ យុវជនពីរនាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយជិះម៉ូតូក្នុងល្បឿនលឿន បុករថយន្តយ៉ាងពេញទំហឹង ឧបទ្ទវហេតុនេះកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ២០៣-២០៤ ស្ថិតនៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៤និង៥៥នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមាន យុវជនពីរនាក់ ស្លៀកពាក់ក្នុងឯកសណ្ឋានសិស្ស ជិះម៉ូតូម៉ាក ហុងដា C125ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានបុកចំហៀងខាងឆ្វេងរថយន្តម៉ាកStarexពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE.3560 ដែលបានបើកបរពីកើតទៅលិចរួចបត់ឆ្វេង បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរជិះពីក្រោយស្លាប់នៅកន្លែងកើតហេតុ។
យោងតាមរបាយកាណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន ស្តីអំពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ ជួយសម្រួលចរាចរណ៍លើដងផ្លូវ ។
លោកអធិការបន្តថា ជនរងគ្រោះទី១ឈ្មោះ និត បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅក្នុងភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូ ស្លាប់។ ទី២ឈ្មោះ សុខ ម៉េងសឺ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅក្នុងភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នករួមដំណើរ ស្លាប់ សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំពោះអ្នកបើកបររថយន្ត មានឈ្មោះ សៀង ស៊ីដេត ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នវត្ថុតាងម៉ូតូ និងរថយន្ត ព្រមទាំងអ្នកបើកបររថយន្ត បានប្រគល់ជូនការិយាល័យជំនាញចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ៕