ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់បង្កាន់ដៃ និងកិច្ចសន្យាទទួលដីលំនៅឋានជូនប្រជាពលរដ្ឋអ្នកទទួលផលចំនួន៦១គ្រួសារ ក្នុងខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់បង្កាន់ដៃ និងកិច្ចសន្យាទទួលដីលំនៅឋានជូនប្រជាពលរដ្ឋអ្នកទទួលផលចំនួន៦១គ្រួសារ ក្នុងខេត្តបាត់ដំបងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បង្កាន់ដៃ និងកិច្ចសន្យាទទួលដីលំនៅឋានជូនប្រជាពលរដ្ឋអ្នកទទួលផលចំនួន៦១គ្រួសារ នៃគម្រោងសុវត្ថិភាពដីធ្លី និងសុវត្ថិភាពលំនៅឋាន (គម្រោងដី៦១ឡូតិ៍) និងក៏មានការចូលរួមពី លោកស្រី ប៊ីណាដេត បូឡូ ឌូធី (Bernadette Bolo-Duthy) នាយិកាប្រចាំប្រទេស អង្គការ លំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា និងម្ចាស់ជំនួយព្រមទាំងក្រុមការងារ នៅសាលប្រជុំអគារE សាលាខេត្ត ។
គម្រោងដី៦១ឡូតិ៍ នេះមានទីតាំងស្ថិតនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដែលមានរដ្ឋបាលខេត្តជាម្ចាស់គម្រោង និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ជាដៃគូសហការគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងផ្នែកហិរញ្ញវត្ថុ សម្រាប់រយៈពេល២ឆ្នាំ គិតពីខែមករា ឆ្នាំ២០២១ រហូតដល់ខែធ្នូ ២០២២ សម្រាប់ចូលរួមជួយសាងសង់លំនៅឋានជូនក្រុមគ្រួសារគោលដៅ ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍សម្ដែងនូវសេចក្តីរីករាយ និងអបអរសាទរដល់បងប្អូន ប្រជាពលរដ្ឋទាំង៦១គ្រួសារ ដែលទទួលបាន ដីឡូតិ៍លំនៅឋាន និងដីឡូត៍មានសាងសង់លំនៅឋាន នៃគម្រោង ដី៦១ឡូតិ៍នេះ និងបានទៅតាំងទីលំនៅ នៅទីតាំងថ្មីបានរួចរាល់១០០%សម្រាប់គ្រួសារដែលទទួលបានដី និង ផ្ទះចំនួន៤២គ្រួសារ និងគ្រួសារទទួលបានដីមានចំនួន៥គ្រួសារបានសាងសង់លំនៅឋានរួចហើយក្នុងចំណោម ១៩គ្រួសារ តាមការរៀបចំរបស់រដ្ឋបាលខេត្ត ហើយក៏បានទទួលនូវបង្កាន់ដៃ និងកិច្ចសន្យាទទួលដីលំនៅឋាន រួចហើយនៅពេលនេះ ដើម្បីរក្សាទុកជាភស្តុតាងបញ្ជាក់អំពីសិទ្ធិស្របច្បាប់របស់បងប្អូន ។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានធ្វើការកោតសរសើរ ក៏ដូចជាថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដោយមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ ហើយការដោះស្រាយនេះគឺដើម្បីខេត្តយើងទាំងអស់ ក៏ដូចជាដើម្បីប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលបាននូវលំនៅឋានស្របច្បាប់ ដីស្របច្បាប់ ។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ កម្ពុជា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានសហការ និងចូលរួមក្នុងដំណើការ “គម្រោង សុវត្ថិភាពដីធ្លី និងលំនៅឋាន ដ៏មានសារៈសំខាន់នេះឡើង។ ជាមួយនេះផងដែរ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោយ ពីបានរៀបចំដីលំនៅឋានជូនដល់អ្នកទទួលផលចំនួន៦១គ្រួសាររួចមក នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ កាត់បន្ថយការតាំងទីលំនៅមិនរៀបរយ ដើម្បីឈានដល់ការលុបបំបាត់បញ្ហាសំណង់បណ្តោះអាសន្នក្នុងក្រុង របស់យើង បន្តិចម្តងៗ។ ឯកឧត្តម ក៏បានធ្វើការអាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមធ្វើការទប់ស្កាត់ជាដាច់ខាត មិនឱ្យសំណង់អាណាធិបតេយ្យកើតឡើងថ្មី នៅតាមទីតាំងនានា ដែលជាដីកម្មសិទ្ធិរបស់រដ្ឋមានដូចជា ដីចំណី ស្ទឹង ប្រឡាយ វត្តអារាម ផ្លូវសាធារណៈ ។ល។ ព្រោះនេះគឺជាកាតព្វកិច្ចរបស់យើងក្នុងការលុបបំបាត់សំណង់អាណាធិបតេយ្យកើតមានឡើងពីមួយឆ្នាំទៅមួយឆ្នាំ បង្កឱ្យមានការលំបាកក្នុងការដោះស្រាយបន្តទៀត ៕