បង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកអង្គរបូរី ឃាត់ខ្លួនជនសង្ស័យ ៣នាក់
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត តាកែវ និងការសម្របសម្រួសពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៥និង១០នាទី លោកវរសេនីយ៍ទោ នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល បានចុះបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចសាលាឃុំព្រែកផ្ទោលចាស់ទុកចោល ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងរត់គេចខ្លួន ១នាក់ៈ
-ទី១ឈ្មោះ ប៊ុន សុខណា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ
-ទី២ឈ្មោះ មាស គឹមហេង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា
-ទី៣ឈ្មោះ ម៉ែន សារ៉ែន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា។
ចំណែកជនសង្ស័យដែលរត់គេចខ្លួនឈ្មោះ ជុន ឌី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា។
ក្នុងប្រតិបត្តិការនេះដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន ១២កញ្ចប់។
ករណីនេះកម្លាំងជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯឈ្មោះ ជុន ឌី កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរក ៕