ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព និងបំពាក់ឯកសណ្ឋានជូនប្រជាការពារ ព្រមទាំងឧបត្ថម្ភស្បៀងអាហារ ដល់អតីតយុទ្ធជន នៅស្រុកកំពង់ស្វាយ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី អញ្ជើញទៅបំពាក់ឯកសណ្ឋានជូនប្រជាការពារ និងផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ព្រមទាំងបានជួយឧបត្ថម្ភអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា គោលនយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល គឺដើម្បីធ្វើឲ្យភូមិ.ឃុំ របស់យើងមានសុខសន្តិភាពគ្មានអំពើលួចឆក់ប្លន់ គ្មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានការលេងល្បែងស៊ីសងខុសច្បាប់ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានក្មេងទំនើង គ្មានការប្រើអំពើហិង្សាក្នុងគ្រួសារ និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីភាគីទាំងសងខាងឈ្នះទាំងអស់គ្នា គ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់។ ដូច្នេះសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនេះ។
នៅក្នុងពិធីនេះដែរ ឧត្តមសេនីយ៍ទោសោម ស៊ុន បានបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១៥ នាក់ និងឧបត្ថម្ភអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុនី ជូនដល់អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីចំនួ ន១៥ គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ ។
លោក ឌឹម ឌន មេភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី បានថ្លែងអំណរគជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង ជាប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ ដែលតែងតែបានជួយដោះស្រាយនូវរាល់ការលំបាករបស់ប្រជាជន និងអតីតយុទ្ឋជន នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ធំ ហើយសូមគោរពជូនពរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕