បណ្ឌិត គឹម សន្តិភាព៖ ការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ជាប្រពៃណីរបស់គណបក្សប្រជាជន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន បានមានប្រសាសន៍ថា ការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ជាប្រពៃណីរបស់គណបក្សប្រជាជន។
ឯកឧត្ដមមានប្រសាសន៍បែបនេះ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកោងកាង ស្រុកពញាក្រែក ខណៈអញ្ជើញជាអធិបតីនៅក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋាន ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា មន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់រូប ត្រូវខិតខំបង្កើនស្មារតីទទួលខុសត្រូវ ក្នុងការបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ ដែលជាប្រពៃណីរបស់គណបក្សប្រជាជន ដើម្បីរក្សាប្រៀបឈ្នះ និងបន្តពង្រីកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យសម្រេចបានជាដាច់ខាត។
ក្រោយពីបញ្ចប់កិច្ចសំណេះសំណាលរួចមក ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីវអ៊ីវ ទឹកសុទ្ធ និងសម្ភារៈប្រើប្រាស់មួយចំនួនរួមមាន កុំព្យូទ័រ ម៉ាស៊ីនស្កេន ម៉ាស៊ីនហ្វូតូកូពី ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវ ជូនដល់ក្រុមការងារយុវជនគណបក្សឃុំកោងកាង ដើម្បីជាការរួមចំណែកពង្រឹងសកម្មភាពគណបក្សក្នុងមូលដ្ឋានឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឱ្យសម្រេចបានជោគជ័យជាស្ថាពរតាមសេចក្តីសម្រេចរបស់មហាសន្និបាតគណបក្សប្រជាជនកម្ពុជា៕