ឯកឧត្ដម ឃួង ស្រេង៖ សម្តេចតេជោ តែងតែដើរជួរមុខ ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា និងមិនចង់អោយពលរដ្ឋម្នាក់ណាជួបទុក្ខលំបាកនោះទេ
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន តែងតែដើរជួរមុខ ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា មិនចង់អោយពលរដ្ឋលំបាកនោះទេ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដ៏ឈ្លាសវៃ, កម្ពុជាបានបន្តខិតខំ ពុះពារ ជម្នះការលំបាកទាំងអស់ ធ្វើឱ្យដំណើរការសេដ្ឋកិច្ច និងសង្គម មានភាពល្អប្រសើរជាបន្តបន្ទាប់ ហើយខិតខំសម្រេច ឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ថ្លែងក្នុងឱកាសដែល ឯកឧត្ដម អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជន ក្នុងខណ្ឌកំបូល ចំនួន ១,២០០នាក់ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ព្រមទាំងសមាជិក សមាជិកគណបក្សយ៉ាងច្រើនកុះករ នៅក្នុងបរិវេណសួនកុមារ សាលាខណ្ឌកំបូល ៕