លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង V-Active Fun Run
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបននាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយលោកជំទាវឧកញ៉ា ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ សិស្ស និស្សិត ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង V-Active Fun Run ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី នៅរាជធានីភ្នំពេញ ។
ព្រឹត្តិការណ៍នេះមាន កីឡាចំនួន ២ប្រភេទ គឺការដើរចំងាយ ៥គីឡូម៉ែត្រ និងការរត់បណ្តាក់ចំងាយ ១៩គីឡូម៉ែត្រ ។ ព្រឹត្តិការណ៍នេះ បាននាំមកនូវបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មានពីមុនមក គួបផ្សំជាមួយទីតាំងរត់ដ៏ល្អឥតខ្ចះនៃរាជធានីភ្នំពេញ ដែលជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងបានធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនមកពីគ្រប់ទិសទី មកចូលរួមយ៉ាងច្រើនកុះករ ហើយកីឡាករក៏បានបង្ហាញនូវមនោសញ្ចេតនារំភើបរីករាយ និងស្និទ្ធិស្នាល ។
ព្រឹត្តការណ៍រត់ប្រណាំង V-Active Fun Run នេះក៏បានបង្ហាញពីការចូលរួមចំណែកពី វឌ្ឍនៈប៊្រូវើរី ដែលជាវិស័យឯកជន ក្នុងលើកស្ទួយសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈ ការលេខកីឡាផងដែរ ៕