ឯកឧត្ដម ហ៊ុន ម៉ានី៖ ដើម្បីយល់ពីគុណតម្លៃ នៃសុខសន្តិភាព យើងគប្បីនឹកដល់ពេល ដែលមិនទាន់មានសន្តិភាព
ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រមាណ៣៧៦នាក់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានថ្លែងថា ដើម្បីយល់ពីគុណតម្លៃ នៃសុខសន្តិភាព យើងគប្បីនឹកដល់ពេលដែលមិនទាន់មានសន្តិភាព និងរំលឹកដល់អ្នកដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ។
ក្នុងឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានចែករំលែកទស្សនៈផ្ទាល់ខ្លួនថាពាក្យ «អរគុណសន្តិភាព» ស្តាប់ទៅហាក់បីដូចជាសាមញ្ញ ក៏ប៉ុន្តែពេលលឺពាក្យនេះ វាមិនសាមញ្ញពេកនោះទេ គឺយើងត្រូវប្រៀបធៀបទៅនឹងពេលគ្មានសុខសន្តិភាព ទើបយើងអាចយល់ពីគុណតម្លៃនៃសុខសន្តិភាព ដោយផ្សាភ្ជាប់ថា «ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងគប្បីនឹកដល់ពេលដែលមិនទាន់មានសន្តិភាព និងរំលឹកដល់អ្នកដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិ»។
ស្របជាមួយការលើកឡើងខាងលើនេះ ឯកឧត្ដមបានសរបញ្ជាក់ថា ដើម្បីយល់ពីគុណតម្លៃ នៃសុខសន្តិភាព យើងត្រូវប្រៀបធៀបដំណាក់កាលដែលប្រទេសកម្ពុជាគ្មានសុខសន្តិភាព រងនូវសោតនកម្មដ៏ឃោឃៅ សង្រ្គាមរាំរ៉ៃ នឹងត្រូវនឹកឃើញដល់អ្នកដែលបានលៈបង់ និងពុះពារ ដើម្បីដណ្តើមយកសុខសន្តិភាពជូនប្រទេសជាតិ។
ឯកឧត្ដមបានបន្តទៀតថា ការប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានសង្គ្រាមទៅជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ គឺជាមោទកភាពមួយ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាមួយរូប។
ឯកឧត្ដម ហ៊ុន ម៉ានី បានរំលេចដែរថា សន្តិភាពបាននូវមកនូវការអភិវឌ្ឍជូនប្រទេសកម្ពុជា។ ជាឧទាហរណ៍ តាមរយៈនយោបាយឈ្នះៗ យើងក៏ទទួលបានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលផ្តល់ឱកាសឲ្យប្រទេសកម្ពុជាមានអ្នកវិនិយោគច្រើន ដែលជាចំណុចវិជ្ជមានក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសកម្ពុជា។ សុខសន្តិភាពបានទាក់ទាញឱកាសនៃការវិនិយោទុន ពង្រីកខឿនសេដ្ឋកិច្ច គៀងគរថវិកាជាតិ បង្កើនប្រាក់វិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀតជូនដល់ប្រទេសជាតិ។
បន្ថែមទៅទៀតនេះឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំការពារសុខសន្តិភាពនេះ គឺដើម្បីកូនចៅជំនាន់ក្រោយ និងគិតគូរពីអនាគតរបស់ពួកគេ និងធានានូវឱកាសរស់នៅ សិក្សា រៀនសូត្រ ប្រកបការងារ ក្រោមម្លប់នៃសុខសន្តិភាព៕