គណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ទី សុគន្ធ លេខាធិការគណ:កម្មការទី៥ នៃរដ្ឋសភា ឯកឧត្តម ឈឹម ឃឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និងឯកឧត្តម ទឹម វណ្ណា ប្រធាននាយកដ្ឋានពិធីការ នារសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៣ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដឹកនាំដោយលោកជំទាវ Gabriele KATZMARER ប្រធានក្រុមសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា មានរយ:ពេល៤ថ្ងៃចាប់ពីថ្ងៃទី២១-២៤ ខែកុម្ភ: ឆ្នាំ២០២៣។
តាមកម្មវិធីគ្រោងទុក គណៈប្រតិភូសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត និងជួបសម្តែងការគួរសមជាមួយ និងប្រធានគណ:កម្មការនានារបស់រដ្ឋសភា។
សូមជម្រាបថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះគណៈប្រតិភូសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងអញ្ជើញទៅខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គប្រាសាទខ្មែរមួយចំនួនផងដែរ ៕