ព្រលានយន្ដហោះតារាសាគរ នឹងបើកការហោះហើរជាផ្លូវការនៅពាក់កណ្ដាលឆ្នាំនេះ
ភ្នំពេញ៖ អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង នឹងបើកការហោះហើរខ្លួនជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះទេ។
នេះបើយោងតាមការឲ្យដឹងពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកោះកុង» នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកជំទាវ មិថុនា ភូថង បានបញ្ជាក់ថា បច្ចុប្បន្ននេះអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ បានសាងសង់រួចរាល់ទាំងស្រុង១០០ភាគរយហើយ រង់ចាំតែពេលវេលាបើកការហោះហើរប៉ុណ្ណោះ។
សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង កាលពីដើមឡើយគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅចុងឆ្នាំ២០២២ ប៉ុន្ដែត្រូវបានពន្យាពេលម្ដងជាពីរដង ដោយសារតែវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យក្រុមហ៊ុនសាងសង់ជួបបញ្ហាមួយចំនួន។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណង វិស័យទេសចរណ៍។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350៕